លទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) លើកទី១០
កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញអមគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ( 6th GMS Summit) និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១០ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ ( 10th CLV DTA Summit) នៅសាលសន្និសីទជាតិនៃទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេសវៀតណាម ឡាវ និងបណ្តាប្រទេសទន្លេមេគង្គ ព្រមទាំងប្រធានធនាគារពិភពលោក , ធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គលេខាធិការអាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ប្រទេសជាសមាជិកបានប្ដេជ្ញាបន្ដគាំទ្រចំពោះគោលការណ៍ ដែលជាមូលដ្ឋាននៃក្របខណ្ឌមហាអនុតំបន់មេគង្គ និងលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ចាប់ផ្ដើមពិចារណាមាគ៌ាឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយគម្លាតក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ និងដើម្បីសម្រេចបានពេញលេញនូវអនុតំបន់មួយដែលមាននិរន្តរភាព សមាហរណកម្ម និងវិបុលភាព។ ...