លទ្ធផលនៃកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូអាស៊ានក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម CHAN CHUN SING រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំនេះ ក៏មានការចួលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូនៃប្រទេសជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖ ១. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុន លើកទី១០ រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ-ជប៉ុន និងការធ្វើឲ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុតំបន់មេគង្គ។ ឯកឧត្តម សុខ សុភ័ក្រ្ត អនុ...