Posts

Showing posts from April 12, 2018

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីកំណើនរឹងមាំនិងហានិភ័យចំពោះភាពប្រកួតប្រជែងសម្រាប់ប្រទេសកម្ពុជា

          ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើន ៧ភាគរយ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក។ នេះបើតាមការលើកឡើងពីរបាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែល ជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨។           លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើនលំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងភាពប្រកួតប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ” ។ លោកបានបញ្ជាក់ថា “ គោលនយោបាយសម្រួលដំណើរការ និងនីតិវិធីដែល ចាំបាច់សម្រាប់ធ្វើធុរកិច្ចនឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុន ក្នុងស្រុកជាមួយនឹងវិស័យកម្មន្តសាលកាន់តែមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត ព្រមទាំង ជួយបង្កើតការងារល្អៗបន្ថែមទៀត ” ។