លទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) លើកទី១០
កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម
ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញអមគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី
ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ (6th GMS Summit) និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១០ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ
(10th
CLV DTA Summit) នៅសាលសន្និសីទជាតិនៃទីក្រុងហាណូយ
ប្រទេសវៀតណាម ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេសវៀតណាម ឡាវ និងបណ្តាប្រទេសទន្លេមេគង្គ
ព្រមទាំងប្រធានធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី
និងអគ្គលេខាធិការអាស៊ាន។
ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ
លើកទី៦ ប្រទេសជាសមាជិកបានប្ដេជ្ញាបន្ដគាំទ្រចំពោះគោលការណ៍ ដែលជាមូលដ្ឋាននៃក្របខណ្ឌមហាអនុតំបន់មេគង្គ
និងលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ចាប់ផ្ដើមពិចារណាមាគ៌ាឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយគម្លាតក្នុងរយៈពេល
២៥ឆ្នាំកន្លងមកនេះ និងដើម្បីសម្រេចបានពេញលេញនូវអនុតំបន់មួយដែលមាននិរន្តរភាព សមាហរណកម្ម
និងវិបុលភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានលើកឡើងពីការងារអាទិភាពសំខាន់ៗ ដើម្បីអនុវត្តឲ្យបានពេញលេញនូវ
“ក្របខណ្ឌយុទ្ធសាស្ដ្រមហាអនុតំបន់មេគង្គ និងទិសដៅឆ្ពោះទៅមុខ” មានដូចជា៖
ទី១-គួរយកចិត្តទុកដាក់បន្ថែមទៀត លើការជំរុញការតភ្ជាប់ឲ្យកាន់តែមានប្រសិទ្ធភាព
ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ការជំរុញអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
(CBTA)
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងកាត់ព្រំដែន
និងការអភិវឌ្ឍទីក្រុងតាមរបៀងសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែទូលាយ។
ទី២-បង្កើនការយកចិត្តទុកដាក់លើការតភ្ជាប់ផែ្នកទន់
ដើម្បីទាញអត្ថប្រយោជន៍ឲ្យបានពេញលេញ ពីការវិនិយោគលើការតភ្ជាប់រូបវន្ត រួមទាំងការតភ្ជាប់ឌីជីថល
និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពីការធានាចលនាដោយសេរី និងប្រកបដោយប្រសិទ្ធភាពនូវលំហូរពលកម្ម
ពាណិជ្ជកម្ម និងការវិនិយោគដោយបំពេញគ្នាទៅវិញទៅមកនៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់។
ទី៣-បន្ដខិតខំធានាកំណើនសេដ្ឋកិច្ចGMS ប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាបន្ន តាមរយៈការធានានូវប្រសិទ្ធភាពជាអតិបរមា
នៃការអនុវត្តកម្មវិធីអនុតំបន់មេគង្គ។
ទី៤-លើកទឹកចិត្តដល់ប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍
បន្ដខិតខំកៀរគរធនធានបន្ថែម ដើម្បីអនុវត្តផែនការឲ្យទទួលបានជោគជ័យក្នុងពេលអនាគត ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្ដើមតំបន់សំខាន់ៗដូចជា
“ខ្សែក្រវាត់មួយ-ផ្លូវមួយរបស់ចិន” និង“ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរបស់ជប៉ុន” ក៏ដូចជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍអនុតំបន់មេគង្គ។
ទី៥- គួរមានការគិតគូរអំពីចក្ខុវិស័យវែងឆ្ងាយសម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងទៅមុខ
ក្រោយពីផែនការហាណូយ ២០២២ ត្រូវបានបញ្ចប់ ដើម្បីចាប់យកឱកាស និងត្រៀមដោះស្រាយរាល់ផលវិបាកនានា
ជាយថាហេតុ។
រីឯកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម
ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) លើកទី១០ អង្គប្រជុំបានពិភាក្សាលើលទ្ធផលដែលបានអនុវត្តន៍កន្លងមក សំដៅអភិវឌ្ឍន៍វិស័យនានាប្រកបដោយនិរន្តរភាព
កាត់បន្ថយភាពក្រីក្រ និងគម្លាតផ្នែកសេដ្ឋកិច្ច និងសង្គម។
នៅក្នុងនោះដែរ ប្រមុខដឹកនាំទាំងបី បានកោតសរសើរអំពីលទ្ធផលនៃការរៀបចំវេទិកាយុវជន
ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងសន្និសីទស្ដីពីការជំរុញពាណិជ្ជកម្ម
វិនិយោគ និងទេសចរណ៍ DTA ដែលសកម្មភាពទាំងនោះ
បង្ហាញពីវឌ្ឍនភាពនៃសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ ពិសេសរវាងប្រជាជន និងប្រជាជន ក៏ដូចជាសហគមន៍ធុរកិច្ចក្នុងតំបន់។
លើសពីនេះ ប្រមុខដឹកនាំនៃប្រទេសទាំងបី ក៏បានបេ្ដជ្ញាចិត្តក្នុងការកៀរគរជំនួយហិរញ្ញវត្ថុ
ដើម្បីអនុវត្តន៍គម្រោងនានាក្នុងតំបន់ត្រីកោណ។
សូមជម្រាបថា ប្រទេសឡាវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១
ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅឆ្នាំ២០២០ ហើយប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ
លើកទី៧ នៅឆ្នាំ២០២១។
ប្រភព៖ MOC
Comments
Post a Comment