មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្ម៖ ប្រទេសចិនឈរលំដាប់ទី១ ជាមួយទឹកប្រាក់វិនិយោគជាង ១៥ប៊ីលានដុល្លារអាមេរិក
នាឱកាសអញ្ជើញជាគណៈអធិបតីភាព
ក្នុងពិធីសម្ពោធពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍
និងសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ
ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រទេសចិនបានឈរលំដាប់លេខរៀងទី១ នៅកម្ពុជា កាលពីឆ្នាំ២០១៧
ជាមួយទំហំទឹកប្រាក់វិនិយោគ រហូតដល់ជិត១៥ប៊ីលានដុល្លារអាមេរិក។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា
ទំហំវិនិយោគចិនមកកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៤,៣ប៊ីលានដុល្លារអាមេរិក ឬ ស្មើ២៧% នៃទឹកប្រាក់វិនិយោគពីបរទេសសរុប
ដែលចំនួននេះ បានកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៧៤៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
កំណើនវិនិយោគរបស់ចិន បានសម្រួលដល់ការធ្វើពិពិធកម្មវិស័យការងារសម្រាប់ប្រជាជន
និងកំណើនសេដ្ឋកិច្ច ដោយសារគម្រោងចិនភាគច្រើន ផ្តោតសំខាន់លើវិស័យសំណង់ កសិកម្ម ថាមពល
ឧស្សាហកម្មកាត់ដេរ ធនាគារ និងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ដែលជាសសរស្តមសំខាន់ៗនៃសេដ្ឋកិច្ច ឯកឧត្តម ឈួន ដារ៉ា បានគូសបញ្ជាក់។
ក្រៅពីកំណើនទឹកប្រាក់វិនិយោគ
ស្ថានភាពពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា នៅក្នុងឆ្នាំ២០១៧ ក៏មានវឌ្ឍនភាពប្រសើរផងដែរ។
បើតាមទិន្ន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានដល់ ៥,៧៩០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង២១.៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរចិន ដែលបានចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានចំនួន ១,២១០,០០០នាក់ គឺបានកើនឡើងជិត
៤៦% បើធៀបនឹងឆ្នាំ ២០១៦ដូចគ្នា។
សូមបញ្ជាក់ថា ពិព័រណ៍កម្ពុជា
ចិន-អាស៊ាន ឆ្នាំ២០១៨នេះ មានស្តង់សរុបចំនួន ៤៤០ស្តង់ និងមានក្រុមហ៊ុនធំៗ ចំនួន ២៩០ក្រុមហ៊ុន។
ព្រឹត្តិការណ៍នេះ ក៏មានអមដោយសិក្ខាសាលាស្តីពីវិនិយោគនៅកម្ពុជា, ការជំរុញគម្រោងសហប្រតិបត្តិការអន្តរជាតិ ខេត្តសានស៊ី, វេទិកាជំនួបបច្ចេកវិទ្យាកម្ពុជា-ចិន និងជំនួបពាណិជ្ជកម្ម ផងដែរ។
ប្រភព៖ MOC
Comments
Post a Comment