រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើមន្ត្រីក្រោមឱវាទប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គី ដើម្បីសម្រេចបានវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសំណូមពរដល់មន្ត្រីទាំងអស់ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ និងវប្បធម៌សាមគ្គីភាព ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពការងារថ្មីៗ សម្រាប់វិស័យពាណិជ្ជកម្មជាតិ និងសមិទ្ធផលលេចធ្លោបន្ថែមទៀត ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ស្របតាមកម្មវិធីនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម នាឱកាសបញ្ចប់អាណត្តិទី៥ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានរំលឹកឡើងវិញអំពីសមិទ្ធផលការងារសំខាន់ៗ រប...