វគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ” ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយ
នាថ្ងៃច័ន្ទ ០៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥
ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ”ក្រោមអធិបតីភាពរបស់លោក
នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត
គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦
ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា
លើផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយដោយមានការចូលរួមពីមន្ត្រីពីបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានា
ចំនួន ៦១ រូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក នួន ច័ន្ទរិទ្ធ បានគូសបញ្ជាក់ថាការងារកំណត់តម្លៃគិតពន្ធគយនេះជាកត្តាគន្លឹះក្នុងការគាំទ្រចូលរួមចំណែកដល់ការប្រមូលពន្ធអាករបានត្រឹមត្រូវប្រកដោយសមធម៌។
ជាមួយនេះដែរ វគ្គបណ្តុះបណ្តាលលើប្រធានបទនេះ មានភាពចាំបាច់ដែលត្រូវធ្វើឡើងជាប់ជាប្រចាំដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ
ក៏ដូចជាចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការកៀរគរចំណូលគយ ក៏ដូចជាសម្រេចតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣។
វគ្គបណ្តុះបណ្តាលនេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ទទួលបាននូវពុទ្ធិថ្មីៗ
តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្របតាមការវិវត្តថ្មីៗពាក់ព័ន្ធនឹងការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយដែលរួមមាន
៖ បទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ, វិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ, លក្ខខណ្ឌទិន្នន័យអប្បបរមានៅលើវិក្កយបត្រ និងការធ្វើលំហាត់អនុវត្តផ្ទាល់។ បន្ថែមពីនេះ
លោកអគ្គនាយករងក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យចូលរួមសកម្មក្នុងការសិក្សាស្វែងយល់
ពិភាក្សា និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងគោលបំណងដើម្បីទទួលបាននូវលទ្ធផលផ្លែផ្កាដ៏ល្អពីវគ្គបណ្តុះបណ្តាលនេះ
ដើម្បីយកទៅបំពេញការងារជាក់ស្តែងឲ្យកាន់តែមានប្រសិទ្ធភាព។
ប្រភពោ៖GDCE
Great Post! Thanks for sharing such amazing information with us. Please keep sharing.
ReplyDeleteGlobal supply chain consulting