ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ពីកំណើនរឹងមាំនិងហានិភ័យចំពោះភាពប្រកួតប្រជែងសម្រាប់ប្រទេសកម្ពុជា


          ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើន ៧ភាគរយ ក្នុងឆ្នាំ ២០១៨ និង ២០១៩ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចសកលលោក។ នេះបើតាមការលើកឡើងពីរបាយការណ៍ស្ដីពីទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ដែល ជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨។

          លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលខ្លី បានមកពីការនាំចេញដ៏រឹងមាំ និងកំណើនលំហូរចូលនៃការវិនិយោគដោយផ្ទាល់ពីបរទេស សកម្មភាពក្នុងវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងប្រាក់ឈ្នួល ភាពលំបាកក្នុងការធ្វើធុរកិច្ច និងភាពប្រកួតប្រជែងកាន់តែខ្លាំងអាចប៉ះពាល់ដល់ការប្រកួតប្រជែងរបស់កម្ពុជា ។ លោកបានបញ្ជាក់ថា គោលនយោបាយសម្រួលដំណើរការ និងនីតិវិធីដែល ចាំបាច់សម្រាប់ធ្វើធុរកិច្ចនឹងជួយលើកកម្ពស់សហគ្រិនភាព ធ្វើឱ្យសមាហរណកម្មក្រុមហ៊ុន ក្នុងស្រុកជាមួយនឹងវិស័យកម្មន្តសាលកាន់តែមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត ព្រមទាំង ជួយបង្កើតការងារល្អៗបន្ថែមទៀត

          របាយការណ៍បានឱ្យដឹងថា ទិន្នផលឧស្សាហកម្មរបស់កម្ពុជាទំនងជានឹងបន្តកើនឡើង ៩.៦ភាគរយនៅឆ្នាំនេះ ជាមួយនឹងការថមថយកំណើននៃឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលអាចកាត់កងដោយកំណើនខ្ពស់ជាងមុនក្នុងឧស្សាហកម្មដែលទើបនឹងលេចចេញជារូប រាង ដូចជា ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី គ្រឿងបន្លាស់រថយន្ត កង់ អង្ករ និងកៅស៊ូ ជាដើម។ កំណើនក្នុងវិស័យសេវាកម្ម និងបន្តមានភាពល្អប្រសើរ ពោលគឺ ៧.១ភាគរយ នៅឆ្នាំនេះ ដោយសារភ្ញៀវទេសចរណ៍មានចំនួនច្រើន។ ទន្ទឹមនេះ អាកាសធាតុមានស្ថានភាព អំណោយផលកសិកម្មរបស់ប្រទេសកម្ពុជានឹងមានកំណើន ១.៨ភាគរយ ក្នុងឆ្នាំ២០១៨។

          គោលនយោបាយសារពើពន្ធនឹងមានលក្ខណៈពង្រីកបន្ថែមនៅឆ្នាំនេះ ជាងកាលពីឆ្នាំ ២០១៧ ដោយកំណើនប្រាក់ចំណូល នឹងត្រូវស្រូបយកដោយចំណាយខ្ពស់ជាងមុន និងដោយឱនភាពសារពើពន្ធ ដែលអាចកើនឡើងទៅដល់ ៥.១ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ឱនភាពគណនីចរន្ត(ដោយមិនរាប់បញ្ចូលការផ្ទេរធនធានជាផ្លូវការ) នឹងមានការកើនឡើងនៅឆ្នាំនេះ ដោយសារចំណាយសម្រាប់ប្រេង និងផលិតផលនាំចូលដទៃទៀតមានការកើនឡើងក្នុងប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនមួយនេះ។

          ​ជាមួយគ្នានេះដែរ កំណើនលំហូរចូលនៃ ការវិនិយោគផ្ទាល់ពីបរទេស និងឥណទានផ្លូវការពីក្រៅប្រទេសទំនងនឹងអាចរ៉ាប់រងឱនភាពគណនីចរន្តបាន ព្រមទាំងអាចបង្កើនទុន បម្រុងក្រៅប្រទេសរហូតដល់ប្រមាណ ១០ ពាន់លានដុល្លារត្រឹមចុងឆ្នាំ ២០១៨ ពោលគឺអាចរ៉ាប់រងការនាំចូលប្រមាណ៦.១ខែ។

          ទស្សនៈវិស័យសេដ្ឋកិច្ចនេះ អាចប្រឈមនឹងហានិភ័យនៅផ្នែកខាងក្រោម ដោយសារភាពងាយរងគ្រោះនៃវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ចំពោះភាពមិនប្រាកដប្រជានៃវិស័យហិរញ្ញវត្ថុសកលលោក ដែលគេអាចសង្កេតឃើញកន្លង មកដូចជាការបង្កើនផលធៀបឥណទានធនាគារ ជាមួយនឹងផលិតផលក្នុងស្រុកសរុបទ្វេដង នៅក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះរហូតដល់ ៧៦ភាគរយ កាលពីឆ្នាំមុននេះ។ ខណៈដែលបទប្បញ្ញត្តិគ្រប់គ្រងហានិភ័យឥណទាន និងការបង្កើនទុនបម្រុង ដែលត្រូវបានដាក់ឱ្យអនុវត្តន៍កាលពីពេលថ្មីៗនេះ បានជួយកាត់បន្ថយកំណើនឥណទានរបស់ធនាគារមកនៅត្រឹម ១៥ភាគរយ គិតត្រឹមចុងឆ្នាំមុននេះ ឥណទានសម្រាប់វិស័យអចលទ្រព្យមានការកើន ឡើងរឹតតែឆាប់រហ័សទៅទៀត។

ប្រភព៖ AKP

Comments