រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន


នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនចិន ចំនួន ៦ រួមមាន៖ លោក លីវ ជីន មកពីធនាគារ, លោក ឆិន ហ្វីហ៊ូ មកពីក្រុមហ៊ុន China Datang Corporation Limited, លោក វិន ស៊ូកាង មកពីក្រុមហ៊ុន China Huadian Corporation Limited, លោក ស៊ូ ចឹង មកពីក្រុមហ៊ុន Shanghai Construction Group Co., Ltd, លោក ចូវ ហាយជាំង មកពីក្រុមហ៊ុន Hodo Group, និងលោក អ៊ូ អួយថាវ មកពីក្រុមហ៊ុន Huawei Technologies Co., Ltd.

កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Grand Metro Park ក្នុងទីក្រុងណាងនីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ឱកាសវិនិយោគ និងគោលនយោបាយ លើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់វិនិយោគិន និងធុរជននៅក្នុងប្រទេសចិន និងវិនិយោគិន ដែលបានកំពុងធ្វើប្រតិបត្តិការធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសុន្ទករថាបើកកម្មវិធី សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនធុរជន និងវិនិយោគិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ដែលសម្រេចបានក្នុងរង្វង់ ៧% រយៈពេលជាង ២ទសវត្សរ៍ និងបានសន្យាបន្តធានាផ្តល់ជូនស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាមួយបរិយាកាសធុរកិច្ច និងវិនិយោគល្អប្រសើរ ដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីប្រទេសចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់, ការរៀបចំ និងដាក់ចេញនូវផែនការ, គោលនយោបាយសេដ្ឋកិច្ចជាក់លាក់ និងគោលនយោបាយវិនិយោគ ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ជាពិសេសពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរដល់នាយកប្រតិបត្តិទាំងអស់ ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដែលមាននៅកម្ពុជា ដល់វិនិយោគិនដ៏ទៃទៀត ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅធ្វើពិពិធកម្មវិស័យការងារ និងកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបកស្រាយនូវសំណួរផ្សេងៗរបស់នាយកប្រតិបត្តិនៃក្រុមហ៊ុនចិនទាំង ៦ និងបានចែករំលែកនូវទស្សនាទាន ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងគ្រប់គ្រងប្រទេសរបស់រាជរដ្ឋាភិបាល ដូចជាកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្រោមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ (BOT), ការរៀបចំផែនការមេអភិវឌ្ឍវិស័យអគ្គីសនីកម្ពុជា ឆ្នាំ២០១៧-២០៣០, គោលនយោបាយសម្រាប់ការវិនិយោគបរទេសក្នុងវិស័យថាមពល, គោលនយោបាយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ, គោលនយោបាយលើកទឹកចិត្តចំពោះការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស, និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

សូមជម្រាបថា ទឹកប្រាក់វិនិយោគពីប្រទេសចិនមកកម្ពុជា បានកើនឡើងពី ៩០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧ ហើយនៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០១៨នេះ បានកើនឡើងដល់ ២,៨ប៊ីលានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងចិន ក៏បានឡើងដល់ ៥,៨ប៊ីលានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ គឺបានកើនឡើង ២២% បើធៀបនឹងឆ្នាំ ២០១៦។
MOC

Comments

  1. Hey There. I found your blog using msn. This is a very well written article. I’ll be sure to bookmark it and come back to read more of your useful information. Thanks for the post. I’ll definitely comeback.
    storage container for sale

    ReplyDelete

Post a Comment