ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បេសកម្មចម្បងរបស់ក្រសួង គឺធានាការលូតលាស់នៃវិស័យឯកជនប្រកបដោយចីរភាព
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន
សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាប្រកបដោយចីរភាព
ជាពិសេសប្រែក្លាយវិស័យមួយនេះ ឲ្យទៅជាក្បាលម៉ាស៊ីនថាមវន្តនៃកំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
“វិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល!
យើងមានមោទនភាព នឹងប្រាប់ពិភពលោកថា វិស័យពាណិជ្ជកម្មរបស់កម្ពុជារីកចម្រើន លុះត្រាតែវិស័យឯកជននៅក្នុងប្រទេសយើង
មានសកម្មភាពផុសផុល និងរស់រវើក”។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងដូច្នេះ
នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨
របស់សភាពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមេសា
ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មទូទាំងរាជធានី/ខេត្ត
ប្រមាណជាង ៨០រូប។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវកិត្តិយសជាតិ
និងអន្តរជាតិទាំងអស់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល
និងដោះស្រាយបញ្ហាការងារអទិភាព ជូនសភាពាណិជ្ជកម្មកម្ពុជា ដំណាលគ្នានឹងការដាក់ចេញនូវកម្មវិធីកំណែទម្រង់
និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម
ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានពន្យល់អំពីវត្ថុបំណងនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម
ឆ្នាំ២០១៥-២០២៥ និងគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ដែលជារបបលើកទឹកចិត្ត ផ្តល់តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដើម្បីជួយវិនិយោគិន ឲ្យទទួលបានអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងពន្ធលើប្រាក់ចំណេញនៃប្រតិបត្តិការអាជីវកម្ម
រហូតដល់ ៩ឆ្នាំ និងពន្ធលើការនាំចូលវត្ថុធាតុដើមប្រភេទគ្រឿងម៉ាស៊ីន ២០% ជាដើម។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ
និងវាយតម្លៃខ្ពស់ ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគ្រប់ជាន់ថ្នាក់នៃសភាពាណិជ្ជកម្មកម្ពុជា
ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយក្រសួងពាណិជ្ជកម្ម
និងរាជរដ្ឋាភិបាលកម្ពុជា សំដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ប្រភព៖ MOC
Comments
Post a Comment