ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមព្រឹត្តិការណ៍ “សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-COMMERCE WEEK) ” នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
នៅព្រឹកថ្ងៃចន្ទ ០២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក
ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម
ចូលរួមក្នុងព្រឹត្តិការណ៍ “សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce
Week) ” ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម
និងអភិវឌ្ឍន៍ (UNCTAD)។
ជាកិច្ចចាប់ផ្ដើមនៅក្នុងថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះ
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពី ការប្រែក្លាយពីការវិភាគលើការត្រៀមខ្លួន
ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិចមកជាសកម្មភាព (e-Trade
Readiness Assessments in LDC: from Recommendations to Actions) ដែលរៀបចំដោយ UNCTAD។ នៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ
សម្រាប់ធ្វើការវិភាគការត្រៀមខ្លួន ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច ក្រោមការឧបត្ថមរបស់
UNCTAD។ ឯកសារវិភាគនេះ មានសារៈសំខាន់ ដោយបានចង្អុលបង្ហាញភាពខ្វះខាត
និងបង្កើតជាផែនទីបង្ហាញផ្លូវមួយ ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិចនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា
ដូចជាការធ្វើពាណិជ្ជកម្មទូទៅផងដែរ ពាណិជ្ជកម្មតាមអេឡិចត្រូនិចក៏មានលក្ខណៈជាបញ្ហាអន្តរវិស័យ
ដោយទាមទារឲ្យមានការសម្របសម្រួលជាមួយគ្រប់ស្ថាប័នដែលពាក់ព័ន្ធក្នុងជួររាជរដ្ឋាភិបាល
វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសការអភិវឌ្ឍឲ្យដើរតាមគន្លងតែមួយ ឈានទៅរកការសម្រេចបាននូវគោលដៅរួម។
ឯកឧត្តមបន្តសង្កត់ធ្ងន់ថា ឯកសារវិភាគបានត្រួសត្រាយផ្លូវរួចហើយ អ្វីដែលជាជំហានបន្ទាប់
គឺត្រូវរៀបចំយុទ្ធសាស្ត្រ និងផែនការអនុវត្តន៍ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិច។
នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងចំណុចធំៗចំនួន ៣ ដូចខាងក្រោម៖
១) ពង្រឹងការសម្របសម្រួលជាមួយក្រសួង/ស្ថាប័នដទៃទៀត
ដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិចមួយដែលស៊ីជំរៅ និងបរិយាប័ន្ន
ដែលចង្អុលបង្ហាញលំអិតពីផ្នែកអាទិភាពដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវាដឹកជញ្ជូន កសាងការជឿជាក់
ការការពារអ្នកប្រើប្រាស់។ល។ ព្រមទាំងបង្កើតឲ្យមានយន្តការដ៏មានប្រសិទ្ធភាពមួយសម្រាប់ដឹកនាំតម្រង់ទិស
តាមដានការអនុវត្ត និងកៀងគរជំនួយផងដែរ។ លើការងារនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវរកការគាំទ្រពីសហគមន៍អ្នកផ្ដល់ជំនួយ
ដើម្បីរៀបចំយុទ្ធសាស្ត្រខាងលើ។
២) រដ្ឋាភិបាលគាំទ្រដល់វិស័យឯកជន
ឲ្យដើរតួនាំមុខក្នុងការជួយដល់អ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច
(startup
support for e-Commerce innovators)។
៣) ដៃគូអភិវឌ្ឍន៍បន្តគាំទ្រកម្ពុជា
ដើម្បីស្វែងយល់បន្ថែមឲ្យបានជាក់លាក់អំពីផលប៉ះពាល់នៃបដិវត្តន៍ឌីជីថល ដើម្បីបន្តជួយដល់ការអភិវឌ្ឍន៍នៃវិស័យឯកជន
និងរៀបចំកម្មវិធីអភិវឌ្ឍន៍ដោយចេរភាពដើម្បីគាំទ្រវិស័យនេះទាំងមូល។
ក្រោយពីបញ្ចប់វគ្គខាងលើ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានចូលរួមជាវាគ្មិននៅក្នុងវគ្គពិភាក្សាមួយទៀតស្ដីពី “ពាណិជ្ជកម្មឌីជីថល
និងការអភិវឌ្ឍ (Digital Trade as if Development Mattered) ” ក្រោមការរៀបចំដោយធនាគារពិភពលោក និងរដ្ឋាភិបាលជប៉ុន។ ឆ្លើយតបទៅនឹងសំនួរអំពីការសម្រេចចិត្តរបស់កម្ពុជា
ក្នុងការចូលរួមនៅក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច ដែលបានប្រកាសនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១១
របស់អង្គការពាណិជ្ជកម្មពិភពលោក នៅប្រទេសអាហ្សង់ទីន កាលពីចុងឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា
ការសម្រេចចិត្តបែបនេះ គឺដោយសារតែកម្ពុជាមិនចង់ក្លាយជាប្រទេសមួយ ចាំតែអនុវត្តន៍ច្បាប់
(rule
taker) នោះទេ តែកម្ពុជាចង់ចូលរួមយោបល់ឲ្យបានពេញលេញជាអ្នកបង្កើតច្បាប់
(rule
creator) ដើម្បីទាញយកផលប្រយោជន៍ និងបំពេញបន្ថែមតម្រូវការជាក់ស្ដែងរបស់កម្ពុជា។
នៅក្នុងសន្និសីទកំពូលនោះដែរ
រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ថវិកាប្រមាណ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើមស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិចនេះ
ហើយកម្ពុជាត្រូវប្រឹងប្រែងទាញយកថវិកានោះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតបរិយាកាសជំរុញ
(enabling
environment) និងអនុវត្តន៍ការងារអាទិភាពដទៃទៀត
សម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មតាមអេឡិចត្រូនិច។
កិច្ចប្រជុំចុងក្រោយនៅក្នុងថ្ងៃទីមួយ
នៃព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក មូគីសា
គីទូយី (Mukhisa Kituyi) អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។ នៅក្នុងការជួបប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឲ្យ
UNCTAD
ជួយលើការងារអាទិភាពមួយចំនួន ដោយយោងលើឯកទេសរបស់
UNCTAD
ក្នុងការងារនេះ។ ការងារទាំងនោះរួមមាន៖
១) គាំទ្រដល់ការបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច
ដែលជាជំហានបន្ទាប់សម្រាប់ជំរុញការអភិវឌ្ឍក្នុងវិស័យនេះ។
២) គាំទ្រដល់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច
ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់។
៣) ជួយក្នុងការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម-ប្រភេទ
C
(Trade Facilitation Agreement – Category C) និងការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែម។
៤) ស្នើ UNCTAD ឲ្យជួយធាតុចូលស្ដីពី ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមអេឡិចត្រូនិច
នៅក្នុងការធ្វើបច្ចុប្បន្នភាពឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ២០១៩-២០២៣។
ជាកិច្ចឆ្លើយតប លោក គីទូយី
នឹងសន្យាបញ្ជូនជំនាញការដើម្បីពិភាក្សាការងារលំអិតជាមួយក្រសួងពាណិជ្ជកម្ម នៅពេលក្រោយ។
សូមបញ្ជាក់ជូនថា “សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce
Week) ” គឺប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី២០
ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិក
ធុរជនជាន់ខ្ពស់មកពីវិស័យឯកជន អង្គការអន្តរជាតិ ធនាគារអភិវឌ្ឍន៍ និងសង្គមស៊ីវិលផងដែរ។
ប្រភព៖ MOC
Comments
Post a Comment