រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំនៅកម្ពុជា


          នៅថ្ងៃសុក្រ​ ទី០៦ ខែមេសា ឆ្នាំ២០១៨ នាទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Ayda UNLU ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

          ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតមកកម្ពុជា និងបានគាំទ្រយ៉ាងពេញទំហឹងពីបំណងរបស់តួកគី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានចាត់ទុកតួគី ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយរបស់កម្ពុជា ទាំងក្នុងវិស័យវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្ម។

          ក្រៅពីបានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មសំខាន់ៗ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមានការទាក់ទាញបន្ថែមនូវពាណិជ្ជករ និងវិនិយោគិនតួកគី មកបណ្តាក់ទុនថែមទៀត លើវិស័យអាទិភាពរបស់កម្ពុជា ដូចជា៖ កសិកម្ម (គ្រាប់ស្វាយចន្ទី ផ្លែឈើ និងកៅស៊ូ) ទេសចរណ៍ (កម្មន្តសាល និងការហោះហើរត្រង់) និងជាពិសេសពិចារណាបង្កើតរោងចក្រកែច្នៃកសិឧស្សាហកម្ម (Processing) នៅកម្ពុជា ដើម្បីជួយបង្កើតតម្លៃបន្ថែម ការធ្វើពិពិធកម្មការងារ និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

          លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរីករាយដែលបានមកបំពេញការងារនៅកម្ពុជា ហើយបានកត់សំគាល់ពីវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកជំទាវ បានសន្យានឹងធ្វើការកៀងគរវិនិយោគិនតួកគី ឲ្យចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងវិស័យឯកជន ការរឹតចំណងកិច្ចសហប្រតិបត្តិការ និងការបង្កើតឱ្យមានកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈយោគយល់គ្នាផ្សេងៗ។

          ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានជម្រាបថា ភាគីតួកគីនឹងពិនិត្យលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរៀបចំកិច្ចប្រជុំលើកទី២ សម្រាប់គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា និងតួកគី និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋតួកគី នាពេលសមស្របខាងមុខ។

ប្រភព៖ MOC

Comments