ពិធីចុះហត្ថលេខាភាពជាដៃគូវិស័យសាធារណៈ និងឯកជនសម្រាប់អភិវឌ្ឍន៍និរន្តរភាពវិស័យដំឡូងមីកម្ពុជា
នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម
បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន Green Leader
Holdings Group Limited តំណាងដោយលោក Tse Michael
Nam នាយកប្រតិបតិ្តក្រុមហ៊ុន ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា
ប្រកបដោយនិរន្តរភាព។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម
ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល
មន្ត្រីអង្គការ UNDP និងថ្នាក់ដឹកនាំក្រុមហ៊ុន
Green
Leader Holdings Group Limited ប្រមាណជាង ៥០រូប។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម
ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករ តាមរយៈការបណ្កុះបណ្តាលបច្ចេកទេស
និងការធ្វើពិពិធកម្មទីផ្សារថ្មីៗសម្រាប់វិស័យកសិកម្មកម្ពុជា។ ។ ឯកឧត្តមបានបន្តទៀតថា
ការបង្កើតឡើងនូវរោងចក្រ Green Leader ទីមួយ ដែលបានធ្វើពិធីបញ្ចុះបឋមសិលាកាលពីម្សិលមិញនៅស្រុកស្នួល
(ខេត្តក្រចេះ) បានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យឧស្សាហកម្មដំឡូងមី។
អនុស្សរណៈយោគយល់ រវាង UNDP និងរោងចក្រ Green Leader នឹងរួមចំណែកជួយលើកកម្ពស់វិស័យដំឡូងមីរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
សូមបញ្ជាក់ថា អនុស្សរណៈយោគយល់ដែលបានចុះហត្ថលេខាថ្ងៃនេះ
គឺជាកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការ UNDP និងវិស័យឯកជន ដើម្បីធានាបាននិរន្តរភាពនៃការអភិវឌ្ឍនៅក្នុងឆ្នាំ២០៣០។ អនុស្សារណៈនេះផ្តោតលើចំណុចសំខាន់ចំនួនបីដូចខាងក្រោម៖
១. បង្កើនផលិតភាពរបស់កសិករដំឡូងមីខ្នាតតូច
តាមរយៈការផ្ទេរសមត្ថភាព និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឲ្យមានប្រព័ន្ធផលិតកម្មជានិរន្តរភាព
២. ធ្វើឲ្យគុណភាពកាន់តែល្អប្រសើរ
និងបង្កើនទំនុកចិត្តលើការផ្គត់ផ្គង់ តាមរយៈការពង្រឹងសមាគមកសិករដំឡូងមី និងសមត្ថភាពលើកិច្ចសហប្រតិបត្តិការ
ដោយការជំរុញឲ្យមានគំរូកសិកម្មកិច្ចសន្យា និង
៣. ជំរុញការស្រាវជ្រាវ
និងអភិវឌ្ឍលើអេតាណុល (bio-ethanol) និងទស្សនៈ
ដើម្បីជំរុញគោលនយោបាយជាតិឥន្ធនៈ (bio-fuel)។
ប្រភព៖ MOC
Comments
Post a Comment