ក្រសួងពាណិជ្ជកម្មបើកវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ពាណិជ្ជកម្ម អន្តរជាតិក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ”


          វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ក្រោមជំនួយឧបត្ថម្ភ របស់កម្មវិធីពង្រឹង សមាហរណកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ច្បាប់ពាណិជ្ជកម្មអន្តរជាតិក្រោម ក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដែលប្រព្រឹត្ត ទៅនៅទីស្តីការក្រសួង កាលពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសិក្ខាកាមដែល បានអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងមន្ត្រីមកពីមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី ខេត្ត។

          នេះបើយោងតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម អ៊ុក ប្រជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ ពិតជាមានសារៈសំខាន់ចំពោះមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងចំណេះដឹង និងទទួលបានបទពិសោធន៍ល្អៗ លើប្រធានបទមួយចំនួនពាក់ព័ន្ធ នឹងអង្គការ ពាណិជ្ជកម្មពិភពលោក និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដូចជាដំណើរការនៃការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្មក្នុង តំបន់អាស៊ាន ពាណិជ្ជកម្មរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដទៃទៀត កិច្ចព្រមព្រៀងផ្នែកកសិកម្ម កិច្ចព្រមព្រៀងផ្នែកសេវាកម្ម អនាម័យ និងភូត្តគាមអនាម័យ។

          ឯកឧត្តម អ៊ុក ប្រជា បន្តថា ប្រទេសកម្ពុជាបានក្លាយជា សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៤ ជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ានបូកបី ជាមួយនឹងក្តីរំពឹងក្នុងការចចារបញ្ចប់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលអនាគត។

          ឯកឧត្តមបន្តទៀតថា ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងទាក់ទាញ វិនិយោគផ្ទាល់ពីបរទេស តាមរយៈ ការសម្រួលពាណិជ្ជកម្ម ការកែលម្អបណ្តាញដឹកជញ្ជូន និងភ័ស្តុភារពាណិជ្ជកម្ម ការអភិវឌ្ឍប្រព័ន្ធ ហិរញ្ញវត្ថុ និងការកែទម្រង់ប្រព័ន្ធច្បាប់ និងស្ថាប័ន ការធ្វើសមាហរណកម្មពាណិជ្ជកម្មសេរីជាសកល និងនៅក្នុងតំបន់ ព្រមទាំងបានធ្វើពិពិធកម្មទីផ្សារបម្រើឱ្យការនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារ ពិភពលោក ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ក្លាយជា ប្រទេសដែលមានចំណូលមធ្យម និងត្រូវបានគេចាត់ទុកថាជាសត្វខ្លាថ្មីនៅអាស៊ី ដោយកំណើន សេដ្ឋកិច្ចរឹងមាំ ជាមធ្យម ៧ភាគរយ។

          នៅក្នុងឱកាសនោះ លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បានចងក្រងកម្មវិធីសិក្សាចំនួន ២៥៦ ម៉ោង ដែលជាកម្មវិធីសិក្សាមានលក្ខណៈជាអន្តរជាតិ ដូចកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្នែកទំនិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មផ្នែកសេវាកម្ម សេចក្តីផ្តើមនៃអង្កការពាណិជ្ជកម្មពិភពលោក របាំងពាណិជ្ជកម្ម មិនពន្ធគយ ស្តង់ដារ អនាម័យ និងភូត្តគាមអនាម័យ។ល។និងមានកម្មវិធីសិក្សាពី ចំងាយចំនួន ២១ Modules ដែលវិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលវគ្គទី១រួចហើយចំនួន ៤០នាក់ វិទ្យាស្ថាននឹងរៀបចំកម្មវិធីសិក្សាពីចំងាយវគ្គទី២បន្តទៀត។

ប្រភព៖ AKP

Comments