ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី


          សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយតាម​ជើងយន្តហោះ​ពិសេស នាព្រឹក​ថ្ងៃសុក្រ ១៣កើត ខែពិសាខ ​ឆ្នាំច​ សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ ២០១៨ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣២ ដែល​​​ប្រ​ព្រឹ​ត្ត​ទៅពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី តបតាមការ​អ​ញ្ជើ​ញ​រប​ស់ឯកឧត្ដម លី សៀនឡុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋសិង្ហបុរី និង​ជា​ប្រ​ធាននៃកិច្ចប្រជុំកំពូលនោះ។

          អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន​វត្ត​​មាន សម្ដេច​​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យ​សេ​នា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឥស្សរជន​សំខាន់ៗមួយ​​ចំនួនទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតសិង្ហបុរី​​ប្រ​ចាំ​នៅកម្ពុជា ក៏មានវត្តមានក្នុង​ឱកាសនោះផងដែរ

          ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន​​នៅ​ព្រ​​​​​លានយន្តហោះថា ឥស្សរជនកម្ពុជាដែលអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី រួម​​​​មាន ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស​និងសហប្រតិបត្តិការ អន្តរជាតិ ឯក​ឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិត ហង់ ​ជួន ណា រ៉ុន រដ្ឋ​មន្ត្រី​ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំង​សមាជិក​ដទៃទៀតនៃ​រាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រ​តិ​ភូស​ភាពាណិជ្ជកម្ម​កម្ពុជាផងដែរ។

          ឯកឧត្ដមបានបន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍​រប​ស់​អា​ស៊ា​ន» នឹងឆ្លុះបញ្ចាំងនូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បី រក្សាសារៈ​សំ​ខា​ន់​របស់​​ខ្លួនក្នុង​នាម​ជា​អង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការ ថែរក្សា និងលើក​ក​​ម្ព​ស់សន្តិភាព ស្ថិរភាព និងវិបុល​ភាព។ នៅក្នុងឱកាសដ៏សំខាន់នេះដែរ ថ្នាក់ដឹកនាំនឹងធ្វើ​ការ​​​ពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ​ស្ដីពីការកសាង​ភាព​រឹងមាំ និងនវានុវត្តន៍ របស់អាស៊ាន ការ​ប​ង្កើ​ត​ទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការសន្តិសុខតាម​ប្រព័ន្ធ​អ៊ីនធឺ ណែត ទំនាក់ទំនង​ក្រៅ​​តំបន់អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហាក្នុងតំបន់ និងអន្តរ ជាតិដែល​ជាផល​ប្រ​យោ​​ជន៍រួម។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣២ ឯកសារ សំខាន់ៗមួយចំនួន​នឹង​​ត្រូវបានផ្សព្វផ្សាយ អនុម័ត និងកត់សំគាល់។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ានលើកទី៣២ សម្ដេច​តេជោនាយក​រដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយថ្នាក់ ដឹកនាំរបស់ប្រទេស​អា​ស៊ានមួយចំនួនផងដែរ។

          ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ ឯកឧត្ដមទេសរដ្ឋ​មន្ត្រី ប្រាក់ សុ​ខុន នឹងអញ្ជើញ​ចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧របស់ក្រុម​ប្រឹ​ក្សាសហគមន៍ន​យោបាយ-​សន្តិសុខ​អាស៊ាន និងកិច្ចប្រជុំលើកទី២១របស់ក្រុមប្រឹក្សា​សម្រ​ប​​ស​ម្រួល​អាស៊ាន

ប្រភព៖ AKP

Comments