ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ចំណូលចរន្តថវិការដ្ឋបានកើនឡើងជាងពីរដង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ មានប្រសាសន៍ថា បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចំណូលថវិការរដ្ឋបានកើនឡើងជាងពីរដង
ពីប្រមាណ ២.២៦៤លានដុល្លារអាម៉េរិក ដល់ប្រមាណ ៤.៥៦០លានដុល្លារអាម៉េរិក។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ
៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានោះ
ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ការកើនឡើងនៃទំហំចំណូលនេះ បានផ្ដល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន
ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ
និងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឱ្យការផ្ដល់សេវាសាធារណៈ មានភាពកាន់តែប្រសើរឡើង
និងកាន់តែខិតជិតប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
លើមូលដ្ឋាននេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ចំណាយសរុបថវិការដ្ឋត្រូវបានបង្កើនជិតពីរដង
ក្នុងនោះចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនជាងបីដង ចំណាយសរុបរបស់ក្រសួងសុខាភិបាល
ត្រូវបានបង្កើនជិតពីរដងកន្លះ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ត្រូវបានបង្កើនជិតបីដង ហើយចំណាយវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានបង្កើនជិតពីរដងកន្លះ។
ម្យ៉ាងវិញទៀត សមាមាត្រនៃចំណូលថវិកាពីប្រភពហិរញ្ញប្បទានក្រៅប្រទេស ក្នុងចំណែកថវិកាជាតិ
បានថយចុះពីប្រមាណ ៧០ភាគរយ នៅក្នុងឆ្នាំ១៩៩៥ មកនៅត្រឹមតែប្រមាណ ២១,៤ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តថយចុះថែមទៀត នៅមិនដល់២០ភាគរយផងទេ
នៅឆ្នាំ២០១៨។ ប្រការនេះ គឺជាការសបញ្ជាក់ឱ្យឃើញថា កម្ពុជាកាន់តែមានឯករាជ្យ ភាពខាងថវិកាជាងមុន
និង កាន់តែមានភាពជាម្ចាស់ជាងមុន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព
ដែលកម្មវិធីកែទម្រង់នេះសម្រេចបាន ក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេស
ចំពោះវឌ្ឍនភាពថ្មីៗ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលការកែទម្រង់របស់យើងស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័ស
ទាំងនៅក្នុង និង ក្រៅប្រទេស ដែលខ្ញុំតែងហៅថា សភាពការណ៍ចល័ត។ ប្រការនេះ បានផ្តល់ឱកាសឱ្យ
យើងបន្តការងារកែទម្រង់ផង និង ធ្វើការសាកល្បងលើ “ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ”
របស់យើងផង, ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និង បំណងប្រាថ្នាកើនឡើងឥតឈប់ឈរ
របស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ដំណាក់កាល ២ សំខាន់ៗ ក្នុងការគាំទ្រនូវការសម្រេច
ឤទិភាពគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈកាន់តែលំបាក និង កាន់តែស្មុគ្រស្មាញឡើង។
សម្ដេចតេជោបានបន្តថា ជាការពិតនៅក្នុងការងារដឹកនាំជំរុញការអភិវឌ្ឍប្រទេស សន្តិភាព
និងស្ថិរភាពនយោបាយ ត្រូវបានចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលជាលក្ខខណ្ឌចាំបាច់សម្រាប់
ជំរុញឱ្យមានវឌ្ឍនភាព, ការអភិវឌ្ឍ និង
វិបុលភាព នៅក្នុងសង្គមជាតិ។ នៅក្នុងឤណត្តិនេះ កម្ពុជាសម្រេចបាននូវបង្គោលចរដ៏សំខាន់មួយក្នុងការអភិវឌ្ឍ
ពោលគឺ ការប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប, ហើយកំពុងធ្វើដំណើរេឆ្ពាះទៅសម្រេចការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច
(LDCs)
នៅក្នុងពេលខាងមុខ។ សក្តានុពលសេដ្ឋកិច្ចកម្ពុជា
ត្រូវបានទទួលស្គាល់ និងចាត់ទុកថាជា ខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់ឤស៊ី ។ ច្បាស់ណាស់ថា
នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
គឺជាយន្តការ និងជាឧបករណ៍មិនឤចខ្វះបាន មិនត្រឹមតែក្នុងការសម្រេចបានគោលដៅខាងលើបុណ្ណោះទេ
ប៉ុន្តែ សម្រាប់ការខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិត
ខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ផងដែរ។
ប្រភព៖ AKP
Comments
Post a Comment