រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការទិញផលិតផលខ្មែរ គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា
ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះថា ការទិញផលិតផលខ្មែរ
គឺជាការជួយខ្លួនឯង និងជួយប្រទេសជាតិ តាមរយៈការចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះ
បន្ទាប់ពីបានដឹកនាំប្រតិភូអញ្ជើញទស្សនាស្តង់លក់ទំនិញផលិតផលខ្មែរចំនួន ១៥២ស្តង់ របស់ក្រុមហ៊ុនចំនួន
៧៧ មកពីទូទាំងរាជធានីខេត្ត នៅបរិវេណខាងមុខជណ្តើរប្រាសាទអង្គរវត្តប៉ែកខាងស្តាំ ក្រោមការរៀបចំរបស់សភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម
សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ទៀតថា
ការទិញផលិតផលខ្មែរទោះបីតិច ឬច្រើន គឺស្មើនឹងជួយបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាជន
ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក ដើម្បីធ្វើពិពិធកម្មការនាំចេញនៅនឹងកន្លែង
ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ក្រោមប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម។
លើសពីនេះ ការទិញផលិតផលខ្មែរ ក៏នឹងរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិថែមទៀត។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី
ប៉ាន សូរស័ក្តិ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
រយៈពេល ៤ថ្ងៃនេះ នឹងធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិស្គាល់កាន់តែច្បាស់អំពីផលិតផលខ្មែរ
ព្រមទាំងជួយបង្កើនវត្តមានផលិតផលទាំងអស់នេះ នៅលើទីផ្សារតូចធំក្នុងព្រះរាជាណាចក្រកម្ពុជា
ជាពិសេសបណ្តាផ្សារទំនើបថ្មីៗដែលទើបនឹងសាងសង់រួច នាពេលបច្ចុប្បន្ន និងអនាគត។
គួររំលឹកដែរថា ដើម្បីលើកស្ទួយផលិតផលខ្មែរ
និងធ្វើពិពិធកម្មការនាំចេញឲ្យបានអតិបរិមា ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការនៃរាជរដ្ឋាភិបាល
បានចងក្រង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) រៀងរាល់ ៥ឆ្នាំម្តង ដើម្បីកំណត់អំពីទំនិញ និងផលិតផលអទិភាពសំខាន់ៗរបស់កម្ពុជា។
លើសពីនេះ ក្រសួងក៏បានបើកវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម
ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីផ្តល់ឱកាសជូនវិស័យឯកជន ធ្វើការតាំងបង្ហាញផលិតផល
និងសេវាកម្មរបស់ខ្លួន សំដៅជំរុញការអនុវត្តគោលនយោបាយនាំចេញនៅនឹងកន្លែងផងដែរ។
ប្រភព៖ MOC
Comments
Post a Comment