សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកំពុងខិតខំជំរុញការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្ពុជា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញការអភិវឌ្ឍធនធានមនុស្ស
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួនជាង
៣១៨០នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក
ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
សម្ដេចតេជោថ្លែងថា បញ្ហាធនធានមនុស្ស កំពុងស្ថិតនៅជាបញ្ហាប្រឈមសម្រាប់ប្រទេសរបស់យើង
ព្រោះថាអ្នកវិនិយោគច្រើនណាស់គេមាន តម្រូវការធនធានមនុស្សនៅក្នុងស្រុកតែម្ដង ព្រោះថាអ្នកវិនិយោគច្រើនណាស់គេមិនចង់នាំនូវអ្នកឯកទេស
ពីខាងក្រៅមកកាន់ប្រទេសកម្ពុជាទេ ក៏ប៉ុន្តែលទ្ធភាពសម្រាប់ផ្គត់ផ្គង់ធនធានមនុស្ស ឱ្យទៅប្រកបមុខរបរ
របស់គេដែលត្រូវពង្រីកឡើង គឺពុំទាន់គ្រប់គ្រាន់ ដែលធ្វើឱ្យអ្នកវិនិយោគនាំអ្នកឯកទេសមកពីខាងក្រៅ។
បើយើងពិនិត្យមើលអំពីតួលេខ
នៅក្នុងឆ្នាំ២០១៣ ចំណាយលើបញ្ហាសង្គម ដែលគ្របដណ្ដប់លើវិស័យ អប់រំ សុខាភិបាល សង្គមកិច្ច
និងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពេលនោះមានត្រឹមតែ ៤,២៨ភាគរយ តែប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០១៨ គឺកំណើនបានកើនដល់
៥,៧១ភាគរយ ដែលជាចំណាយដែលពាក់ព័ន្ធទៅនឹងបញ្ហាមនុស្ស ក្នុងនោះវិស័យអប់រំកើនជាង៣ដង
បើប្រៀបធៀប ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ វិស័យសុខាភិបាលកើនជាង ២,៥ វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ
គឺកើនជិត២ដង។
ដូច្នេះចំនួននេះជាចំនួនធំហើយ
ក៏ប៉ុន្តែយើងនូវតែមានត្រូវការក្នុងវិស័យឯកជន ដើម្បីចូលរួមការ បណ្ដុះបណ្ដាលធនធានមនុស្សជាបន្តទៀតសម្រាប់សេវាសង្គមផងដែរ។
ម្យ៉ាងទៀតយើងបានខិតខំប្រឹងប្រែង
ដើម្បីនឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ យើងមិនចង់ធ្លាក់ទៅក្នុងអន្ទាក់នៃប្រទេសដែលមានចំណូលមធ្យម
កម្រិតទាបនោះទេ។ ដូច្នេះដើម្បីឆ្លើយតបបានជាមួយ និងការលើកកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ
វាទាមទារខ្លាំងណាស់ជាមួយនិងធនធានមនុស្ស ដែលឆ្លើយតបជាមួយតម្រូវការនៃការកើនឡើង។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះដែរ
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវបងប្អូនជនរួមជាតិទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់ចំពោះ
សុវត្ថិភាពផ្ទាល់ខ្លួនទាំង ក្នុងការធ្វើដំណើរជិតឆ្ងាយ និងនៅក្នុងពេលប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី
គឺសូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអុជធូបទៀនដែលអាច បណ្តាលឱ្យមានអគ្គិភ័យជាយ ថាហេតុ។
ទន្ទឹមនឹងនេះ សូមឱ្យអាជ្ញាធរ
និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពិសេសទប់ស្កាត់អំពើភេរវកម្ម
និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឱ្យ
បានសប្បាយរីករាយនៅក្នុង ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់
ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា ១៩៨៨-១៩៨៩
ដល់ឆ្នាំសិក្សា ២០១៦-២០១៧ និស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិគ្រប់គ្រង
សរុបចំនួន ៤៧,៦៣៧នាក់ នារី ២០,៥២៦នាក់
ក្នុងនោះនិស្សិតផ្នែក អាហាររូបករណ៍ចំនួន ៦,១៦០នាក់ នារី ២,២៣៥នាក់ និងនិស្សិតផ្នែកសិក្សាបង់ថ្លៃចំនួន ៤១,៤៧៧នាក់
នារី ១៨,២៩១នាក់ ដែលអតីតនិស្សិតទាំងនោះ បាននឹងកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ
វិស័យឯកជន និងស្ថាប័នអន្តរជាតិ ដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ប្រកបដោយឧត្តមភាព សេចក្ដីថ្លៃថ្នូរ
និងកិត្តិយស។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់
ជួនណារ៉ុន បានបន្តថា បច្ចុប្បន្ន សាកលវិទ្យាល័យជាតិគ្រប់គ្រង មាននិស្សិតកំពុងទទួលការបណ្ដុះបណ្ដាលចំនួន
១០,០១១នាក់ នារី ៥,២៩៦នាក់ រចនាសម្ព័ន្ធគ្រប់គ្រងរបស់សាកលវិទ្យាល័យ
មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យក្របខ័ណ្ឌ និងសាស្ត្រាចារ្យជាប់កិច្ចសន្យាជាតិ
និងអន្តរជាតិសរុបចំនួន ៣៧៤នាក់ នារី ៩៨នាក់។
ដោយឡែក និស្សិតជ័យលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្ដេចតេជោនាយក
រដ្ឋមន្ត្រីនាពេលនេះ មានចំនួនសរុប ៣,១៨៧ នាក់ នារី ១,៥៧៨នាក់ ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ ក្នុងនោះរួមមាន ថ្នាក់បរិញ្ញាបត្រចំនួន
២,៦៧៩នាក់ នារី ១,៤១៨នាក់ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន
៥០៦នាក់ នារី១៦២នាក់ និងថ្នាក់បណ្ឌិតចំនួន២នាក់។
ក្នុងចំណោមនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាថ្ងៃនេះ
មានអ្នកទទួលបានការងារធ្វើគិតជាភាគរយ គឺថ្នាក់បរិញ្ញាបត្រចំនួន ៩១ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន
៩៨ភាគរយ និងថ្នាក់បណ្ឌិត ១០០ភាគរយ។
ប្រភព៖ AKP
Comments
Post a Comment