រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឱ្យលោក Yaron Tamir នាយកក្រុមហ៊ុន Agro-studies (Agriculture Capacity Building) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពី ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ អ៊ីស្រាអែល -កម្ពុជា នាពេលអនាគត
តាមប្រភពរបស់ក្រសួងកសិកម្មបានឱ្យដឹងថា នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន នព្វស័ក
ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឱ្យលោក Yaron Tamir នាយកក្រុមហ៊ុន Agro-studies (Agriculture Capacity Building) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពី
ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរ អ៊ីស្រាអែល
-កម្ពុជា នាពេលអនាគត។
ក្នុងជំនួបនោះលោក Yaron Tamir បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី
អំពីគោលបំណងរបស់ក្រុមហ៊ុន គឺចង់បង្កើតកសិដ្ឋានមួយ សម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវ
ព្រមទាំងគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីទៅធ្វើទស្សនកិច្ចជាថ្មីម្តងទៀតនៅ ប្រទេសអ៊ីស្រាអែល។
ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងក្រុមហ៊ុនជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី៣ ដើម្បីទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល
ទាំងទ្រឹស្តី និងការអនុវត្ត គិតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល១១ឆ្នាំហើយ មាននិស្សិតទទួលបានការបណ្តុះបណ្តាលប្រមាណជិតមួយពាន់នាក់។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថាតាមរយៈចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីការបណ្តុះបណ្តាលនេះ
ធ្វើឱ្យវិស័យកសិកម្មមានការប្រែប្រួលជារួម និងដោយឡែកវិស័យផលិតកម្មដំណាំបន្លែ ជាក់ស្តែងកសិករបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រព័ន្ធដំណក់ទឹក
ផ្ទះសំណាញ់ និងការប្រើប្លាស្ទិចលើដំណាំបន្លែ។ ចំពោះគោលបំណងរបស់ក្រុមហ៊ុន ដែលចង់បង្កើតកសិដ្ឋានមួយសម្រាប់ធ្វើការបង្ហាញពីការប្រើប្រព័ន្ធដំណក់ទឹកលើដំណាំស្រូវនោះ
ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា នឹងគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អចំពោះគម្រោងនេះ
ព្រោះហេតុថា ការអនុវត្តបច្ចេកវិទ្យាលើវិស័យកសិកម្ម គឺសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល
ដែលចង់បង្កើនសមត្ថភាពផលិតទាំងបរិមាណនិងគុណភាព ដើម្បីធ្វើការនាំចេញ ម្យ៉ាងទៀតការប្រើបច្ចេកវិទ្យាទំនើបៗលើវិស័យកសិកម្ម
គឺសមស្របទៅនឹងនិន្នាការនៃការធ្លាក់ចុះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។ ដើម្បីពង្រីកចំណេះដឹង
ផ្សព្វផ្សាយបទពិសោធន៍ និងតាមដានពីភាពជោគជ័យរបស់និស្សិតដែលបានត្រឡប់ពីប្រទេសអ៊ីស្រាអែល
ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុនសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មរៀបចំសិក្ខាសាលា
ឬបង្កើតព្រឹត្តិការណ៍នៃការជួបជុំនិស្សិតជាមួយក្រុមហ៊ុន ឬម្ចាស់កសិដ្ឋានដើម្បី ឱ្យពួកគេបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើ
និងអ្វីដែលទទួលបានពីចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទងនឹងវិស័យកសិកម្មពីប្រទេសអ៊ីស្រាអែល
។
តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តីនឹងពិចារណារកពេលសមស្របណាមួយ ទៅធ្វើទស្សនកិច្ចជាថ្មីម្តងទៀតនៅ
ប្រទេសអ៊ីស្រាអែលក្នុងអំឡុងខែសីហា ឆ្នាំ២០១៨៕
ប្រភព៖ AKP