ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូអញ្ជើញទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីស
កាលពីថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា
ឆ្នាំ២០១៨ ដើម្បីធ្វើការ តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន
អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ។
នេះបើតាមការបញ្ជាក់ពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី
បានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញឱ្យឃើញពីចក្ខុវិស័យ និងវឌ្ឍនភាពថ្មីមួយទៀតរបស់
រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយយន្តការ អន្តរជាតិ សម្រាប់ការស្នើសុំចុះបញ្ជីការពារឈ្មោះ ប្រភព ដើមទំនិញ និងម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញជាលក្ខណៈអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈការដាក់ពាក្យស្នើសុំតែមួយនៅអង្គការ WIPO ដោយគ្រាន់តែ បង់កម្រៃសេវាជូនទៅអង្គការ WIPO និងបង់កម្រៃសេវាចុះបញ្ជីជូន ភាគីហត្ថលេខីណាមួយនោះ កម្ពុជានឹង ទទួលបាននូវការការពារ
ជាលក្ខណៈអន្តរជាតិក្នុង បូរណភាពដែនដីនៃភាគីហត្ថលេខីនោះ ដោយមិនចាំ បាច់ចំណាយថវិកាជួល
មេធាវីតំណាងឱ្យការស្នើសុំចុះបញ្ជីក្នុងភាគីហត្ថលេខីនីមួយៗនោះឡើយ។ លើស ពីនេះ ការចូលជាសមាជិកនេះ កម្ពុជាក៏មានកាតព្វកិច្ចត្រួតពិនិត្យ
និងផ្តល់កិច្ចការពារម៉ាក សម្គាល់ភូមិសាស្ត្រ ទំនិញបរទេសដែលស្នើសុំចុះបញ្ជីជាលក្ខណៈអន្តរជាតិ
ក្រោមច្បាប់កម្ពុជា ហើយកម្ពុជានឹងទទួលបានកម្រៃ សេវាចុះបញ្ជីផងដែរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ នៅពេលទំនិញសម្គាល់ភូមិសាស្ត្រកម្ពុជា មានសក្តានុពលនាំចេញទៅ
កាន់ទីផ្សារអន្តរជាតិ យើងចាំបាច់ត្រូវស្វែងរក និងពង្រីកកិច្ចការពារជាលក្ខណៈអន្តរជាតិឱ្យបានរឹងមាំ
ដើម្បី ប្រឆាំងនឹងការប្រើប្រាស់ដែលគ្មានការអនុញ្ញាតការលួចចម្លង ការរំលោភបំពានឬការទាញយកផលប្រយោជន៍
ពីកិត្តិនាម នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាក្នុងបូរណភាពដែនដីទាំងអស់។ ជាមួយគ្នានេះឯកឧត្តម
រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយលោក ហ្វ្រង់ស៊ីស ហ្គារី
(Francis Gurry) អគ្គនាយក នៃអង្គការ WIPO
ដើម្បីថ្លែងអំណរគុណដល់អង្គការនេះ ដែលតែងបានផ្តល់ជំនួយបច្ចេកទេសដល់ការកសាង
ប្រព័ន្ធកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជាដូចជា៖ ការកសាងច្បាប់ ធនធានមនុស្ស ម៉ាកយីហោ
និងម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ និងយុទ្ធនាការភូមិមួយ ផលិតផលមួយ ហើយបានស្នើសុំឱ្យអង្គការនេះជួយវិស័យ
នេះបន្តទៅទៀត។
លោក ហ្វ្រង់ស៊ីស ហ្គារី (Francis Gurry) អគ្គនាយកនៃអង្គការ WIPO បានធ្វើការ វាយតម្លៃខ្ពស់ចំពោះ
កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមករវាងអង្គការ WIPO និងកម្ពុជា ហើយប្តេជ្ញាជួយកម្ពុជា បន្តទៅទៀត៕
ប្រភព៖ AKP