ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: អនុញ្ញាតឲ្យឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា
ចង់សិក្សាស្វែងយល់បន្ថែមទៀតពីស្ថានភាពថ្មីៗ វឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត និងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក។
មុននឹងជម្រាបជូនពីការវិវវត្តថ្មីៗ និងវឌ្ឍនភាពនៃវិស័យមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់ឯកឧត្តម Jang Yung
Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា
ហើយក៍សូមអបអរសាទរ នូវសភាពការណ៍ចុងក្រោយ របស់កូរ៉េទំាងពីរ ដែលបានបង្កើតនូវទំនាក់ទំនងការជជែកចរចាគ្នា
និងសង្ឈឹមថាបញ្ហាឧបទ្វិបកូរ៉េ នឹងមានស្ថានភាពធូរស្រាល ដែលជាការអំណោយផលនៅក្នុងតំបន់ក៍ដូចជាពិភពលោកទំាងមូលផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ
ជាពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ព្រះ បរមរតនកោដ្ឋ
ហើយប្រទេសយើងទាំងពីរនៅតែរក្សាបាននូវចំណងមិត្តភាពដ៍ល្អនេះរហូតមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ជម្រាបជូន ទៅឯកឧត្តមអគ្គរដ្ឋទូត ថា ក្រោមការដឹកនាំប្រកប
ដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ
ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា៧% ក្នុងមួយឆ្នាំ និងអត្រាមានការងារធ្វើ
៩៩,៣%។ ការរីកចំរើនទាំងនេះ គឺអាស្រ័យដោយសារការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក
ជាពិសេសយុទ្ធសាស្រ្តចតុដំណាក់កាលទី៣។ តាមរយៈការដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនាពេលថ្មីៗនេះ
រួមមានគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈ ២០១៧-២០២៥ ដោយក្នុងនោះបានកំណត់យុទ្ធសាស្រ្ត ដើម្បីធានាដំណើរការផ្លាស់ប្តូរកម្លាំងពលកម្មជំនាញផ្សេងៗ
និងបង្កើនល្បើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីឲ្យឈានទៅដល់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០
និងក្លាយទៅជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ស្របតាមយុទ្ធសាស្ត្រចតុកោណជំហានទី៣ របស់រាជរដ្ឋាភិបាល
ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ
និងបណ្តុះបណ្តាលរយៈពេល៥ឆ្នាំ២០១៤-២០១៨ របស់ខ្លួន ដែលក្នុងនោះអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ
និង សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវទំនាក់ទំនងវិជ្ជាជីវៈជាមួយគ្រប់ភាគីពាក់ព័ន្ធ
បង្កើនផលិតភាព លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានសុខមាលភាព និងកិច្ចគាំពារសង្គមកាន់តែល្អប្រសើរ
ព្រមទាំងការរក្សាបាននូវនិរន្តរភាពនៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ។
តាមរយៈការពង្រឹងការអុនវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងនូវ
ទី១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២-ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
និងនិយោជក ទី៣-ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤-រួមចំណែកក្នុងការបង្កើតការងារសមរម្យ
និងទី-៥ បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត
ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាលេខ៨៧ និងលេខ៩៨ របស់អង្គការ ILO។
ប្រភព៖ MLVT