ក្រុមហ៊ុន GREENLEADER នឹងចាប់ផ្ដើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំនៅខែមេសាខាងមុខ និងមានគម្រោងបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ឆ្នាំ
នៅថ្ងៃទី១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំលើការកែច្នៃផលិតផលដំឡូងមី។
លោក Tse បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី
ក្នុងឱកាសនោះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង
ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។
លោក Tse
បានបញ្ជាក់ថា ជាការចាប់ផ្ដើមអនុវត្តដំបូងទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន
GreenLeader
ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់រោងចក្រទី១ នៅខេត្តក្រចេះនៅអំឡុងខែមេសាខាងមុខនេះ
ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។
ជាមួយនោះផងដែរ លោក Tse បានបញ្ជាក់ថា ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ
រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០០.០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន
ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract
Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស
ពូជ និងធនធានមួយចំនួនទៀត។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន ៥
ក្នុងរយៈពេល ២ឆ្នាំ ដោយរោងចក្រទីពីរអាចនឹងសាងសង់នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ
។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន GreenLeader ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគលើវិស័យកសិកម្ម
ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។ ជាមួយនឹងផលិតផលដំឡូងមី ឯកឧត្តមបានមានប្រសាសន៍ថាជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា
បន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា
ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។
ឯកឧត្តម សង្ឃឹមថាការវិនិយោគនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់
កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ មុននឹងបញ្ចប់ ឯកឧត្តម ជម្រាបជូនថាក្រុមហ៊ុន
GreenLeader
អាចពិចារណាចាប់ជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក
ដើម្បីជាការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ហើយជម្រាបដែរថាក្រសួងពាណិជ្ជកម្ម នឹងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុន៕
ប្រភព៖ MOC