អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃ “ត្រួតពិនិត្យ លិខិតសវនកម្មពន្ធដារ (GDT Audit Check)”


អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃ “ត្រួតពិនិត្យ លិខិតសវនកម្មពន្ធដារ (GDT Audit Check)” ដែលផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធអាច ពិនិត្យលើ លិខិតសវនកម្មដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារថាពិត ឬក្លែងក្លាយ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធដារបានលើកឡើង  ក្នុង កិច្ចប្រជុំបូក សរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពីចុងសប្ដាហ៍នេះ នៅ សាលប្រជុំសាលាជាតិពន្ធដារ ដោយបាន លើកឡើងថា អ្នកជាប់ពន្ធអាចទាញចេញពី Appstore ឬ Playstore ក្នុងទូរស័ព្ទដៃបាន និងបំពេញនូវព័ត៌មានតាមការណែនាំ។

ឯកឧត្តម បានបន្ដថា អគ្គនាយកដ្ឋានពន្ធដារបានជំរុញ និងលើកទឹកចិត្តអ្នកជាប់ពន្ធ ឱ្យសហការប្រើប្រាស់ កម្មវិធីនេះ ដើម្បីជាការចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិ ស្តីពីសារពើពន្ធ និងចៀសវាងឆបោក ពីជនខិលខូចមួយចំនួន។ ឯកឧត្តម ប្រតិភូរាជ រដ្ឋាភិបាលក៏បានណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំ ពង្រឹងការអនុវត្តច្បាប់វិន័យ ការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកទិដ្ឋភាពច្បាប់ក្នុងការឆ្លើយ តបទៅ កាន់អ្នកជាប់ពន្ធ ឱ្យអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់ បន្ថយជាអតិបរមាឬមិនឱ្យអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អ ក្នុង ការបង់ពន្ធជូនប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ “ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថា លទ្ធផលប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋាន ពន្ធដារទទួលបានក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋាន ពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអន ឡាញ-Online) មានចំនួន៥៨៣.៤១៧,១៣ លានរៀល (ប្រមាណជា ១៤៥.៨៥លានដុល្លារអាម៉េរិក) ស្នើនឹង ៧.៥៨ភាគរយ នៃផែនការច្បាប់ និងបានធ្វើ បែបបទបង់ចូលថវិកាជាតិ បានចំនួន ៥៣៤.១៧៨,៥៤ លានរៀល (ប្រមាណ ១៣៣.៥៤ លានដុល្លារអាម៉េរិក) ស្មើនឹង ៦.៩៤ភាគរយ នៃផែនការ ច្បាប់។ ប្រសិនបើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០១៧ ដែល សម្រេចបាន ៤៩៧,០៩ពាន់លានរៀល (ប្រមាណជា ១២៤.២៧លានដុល្លារ) ឃើញថា ការ ប្រមូលចំណូលពន្ធ-អាករគ្រប់ ប្រភេទ មានការកើនឡើងចំនួន ៨៩.៣៣១,២៦ លានរៀល (ប្រមាណ ២២.៣៣ លានដុល្លារ) ស្មើនឹងអត្រា កំណើន ១៨.០៨ភាគរយ។

សូមបញ្ជាក់ថា សម្រាប់រយៈពេលពីរខែ ដើមឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន សរុបមានចំនួន ១.២៥៩.៥១៩,៣៣ លានរៀល (ប្រមាណជា ៣១៤.៨៨ លានដុល្លារអាម៉េរិក) ស្មើនឹង ១៦.៣៨ភាគរយ នៃផែនការច្បាប់៕

ប្រភព៖ AKP