នៅក្នុងឆ្នាំ២០១៨ ក្រសួង-ស្ថាប័នចំនួន១០ នឹងអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ
នៅក្នុងឆ្នាំ២០១៨ ក្រសួង-ស្ថាប័នចំនួន១០ នឹងអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
FMIS
ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រង ហិរញ្ញវត្ថុ។
ក្រសួង-ស្ថាប័នចំនួន១០ នោះមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ,ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងកិច្ចការនារី, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បន្ថែមពីនេះ អង្គភាពហិរញ្ញវត្ថុ និងគ្រប់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ
គឺត្រូវអនុវត្តន៍ប្រព័ន្ធ FMISនេះដែរ។ ការអនុវត្តថវិកាកម្មវិធី
ត្រូវបាន និងកំពុងដាក់ឱ្យអនុវត្តន៍គ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្ត។
ជាមួយគ្នានេះដែរ ក្រសួង-ស្ថាប័នចំនួន១០ អនុវត្តន៍ថវិកាកម្មវិធី សម្រាប់ឆ្នាំ២០១៥, ក្រសួង-ស្ថាប័ន ចំនួន១៥ សម្រាប់ឆ្នាំ២០១៦ និងក្រសួង-ស្ថាប័នចំនួន១១
សម្រាប់ឆ្នាំ២០១៧ និងក្រសួង-ស្ថាប័នចំនួន៣ សម្រាប់ឆ្នាំ២០១៨ ដែលសរុបចំនួន៣៩ ។ រីឯរដ្ឋបាលរាជធានី-ខេត្ត
ត្រូវបានដាក់ឱ្យអនុវត្តន៍ថវិកា កម្មវិធីចាប់តាំងឆ្នាំ២០១៧-២០២០ ដោយក្នុងនោះ រដ្ឋបាលខេត្តចំនួន៦
ចូលអនុវត្តន៍ថវិកា កម្មវិធីត្រូវបានដាក់ឱ្យអនុវត្តន៍នៅឆ្នាំ២០១៧ និង៦ ទៀត ត្រូវបានដាក់ឱ្យអនុវត្តន៍នៅឆ្នាំ
២០១៨នេះ។
ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានបណ្តុះបណ្តាលលើការរៀបចំផែនការយុទ្ធសាស្រ្ត ថវិកា, ការរៀបចំ និងអនុវត្តន៍ថវិកាកម្មវិធី, នីតិវិធីអនុវត្តន៍កិច្ចលទ្ធកម្មសាធារណៈ និងនីតិវិធីចំណាយរជ្ជទេយ្យបុរេប្រទានជាដើម។
ដើម្បីកំណត់ទិសដៅប្រព័ន្ធថវិកាកម្ពុជាឱ្យបានច្បាស់លាស់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើម រៀបចំយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ
២០១៨-២០២៥ ដែលត្រូវបានគណៈរដ្ឋមន្រ្តី អនុម័តនៅថ្ងៃ ១២ ខែ មករា ឆ្នាំ ២០១៨ កន្លងមក។
តាមយៈយុទ្ធសាស្រ្តនេះ ប្រព័ន្ធថវិកាកម្ពុជា គឺជាប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម។
ក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាលពីថ្ងៃទី០៥ខែមីនា
ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនេះគឺដើម្បី
ការជឿទុកចិត្តនៃថវិកា នៅតែរក្សាបានជាសារវន្ត ប៉ុន្តែទាមទារឱ្យមានការពង្រឹងការព្យាករ
និងការអនុវត្តកម្មវិធី ចំណូល-ចំណាយប្រចាំត្រីមាស។
ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធគណនេយ្យភាពបាននិងកំពុងកសាង តាមរយៈការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ
FMIS
ដំណាក់កាលទី ២ ជាមួយភាពប្រុងប្រយ័ត្នដោយការពង្រឹង
និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា។
ឯកឧត្តមបានបន្ថែមថា យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ជាសមាសធាតុសំខាន់សម្រាប់
កំណត់ទិសដៅប្រព័ន្ធថវិកា សមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ។
យោងតាមរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ២០១៧កន្លងមកនេះ បានបង្ហាញថា ចាប់ពីឆ្នាំ ២០១៣-២០១៧, ចំណូលចរន្តកើនឡើងប្រមាណ០,៩៦ ពិន្ទុភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងមួយឆ្នាំ។ ជាទិសដៅបន្ទាប់, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំក្របខ័ណ្ឌគោលនយោបាយពន្ធរយៈពេល
មធ្យម ២០១៩-២០២៣។ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តន៍ដំណាក់កាលទី១ នៅឆ្នាំ ២០១៤
និងដំណាក់កាលទី ២ នៅឆ្នាំ ២០១៧ ។
មុខងារស្នូល និងចំណាត់ថ្នាក់ថវិកាត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ជាបន្តបន្ទាប់ស្របតាមជំហាន យុទ្ធសាស្រ្តនៃប្រព័ន្ធ។ សម្រាប់ជំហានបន្ទាប់
មុខងារ ៤ បន្ថែមទៀត រួមមាន មុខងាររៀបចំថវិកា, មុខងារលទ្ធកម្ម, មុខងារគ្រប់គ្រងទ្រព្យសម្បត្តិ
និងមុខងារគ្រប់គ្រងសន្និធិ ។
ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការកែសម្រួលប្លង់គណនេយ្យថ្មីឱ្យស្របតាមស្តង់ដារ
អន្តរជាតិ និងបានរៀបចំ និងដាក់ឱ្យអនុវត្តន៍ប្រកាសស្តីពីការដាក់ឱ្យអនុវត្តន៍ ចំណាត់ថ្នាក់ថវិកាទាំង៧
រួមមាន ៖ទី១.ចំណាត់ថ្នាក់អង្គភាពប្រតិបត្តិ និងរដ្ឋបាល, ទី២. ចំណាត់ថ្នាក់ភូមិសាស្ត្រ, ទី៣.ចំណាត់ថ្នាក់សេដ្ឋកិច្ច, ទី៤.ចំណាត់ថ្នាក់កម្មវិធី,ទី៥.ចំណាត់ថ្នាក់មុខងារ, ទី៦.ចំណាត់ថ្នាក់គម្រោង និង ទី៧.ចំណាត់ថ្នាក់មូលនិធិ៕
ប្រភពៈ AKP