ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងដឹកនាំដោយឯកឧត្ដម អ៊េតវឺត យ៉ាវ (Edward Yau) លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
នាថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា
ឆ្នាំ២០១៨ វេលាម៉ោង៣ រសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុងដឹកនាំដោយឯកឧត្ដម
អ៊េតវឺត យ៉ាវ (Edward Yau) លេខាធិការទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។
គណៈប្រតិភូនាពេលនេះមានសមាជិកសរុបចំនួន ៦៩នាក់ មកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង, រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង, ការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុងប្រចាំនៅសិង្ហបុរី
និងក្រុមហ៊ុនចំនួន ៣០ ដែលមានសកម្មភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា, សំណង់ និងសេវាកម្មអាជីព (ច្បាប់និងគណនេយ្យ)។
ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងវាយតម្លៃខ្ពស់
ដល់គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើដំណើរមកស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាពវិនិយោគ
នៅកម្ពុជា។ ឯកឧត្ដមបានជម្រាបជូនគណៈប្រតិភូពីភាពអំណោយផលនៃបរិយាកាសវិនិយោគ ជាពិសេស ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជាសម្រេចបាននូវ កំណើនសេដ្ឋកិច្ចជាមធ្យម ៧.៧ %ក្នុងមួយឆ្នាំ
ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅ។ កំណើនដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជាធ្វើដំណើរយ៉ាងក្លៀវក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
ដោយផ្ដល់ទំនុកចិត្ដដល់អ្នកវិនិយោគបរទេសឱ្យបណ្តាក់ទុនលើគ្រប់វិស័យ។
ឯកឧត្តម សុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្ដរបស់អ្នកវិនិយោគ
ហុងកុងដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើមឬពង្រីកអាជីវកម្មរបស់ខ្លួន។
ឯកឧត្តម
អ៊េត វឺត យ៉ាវ បានសម្តែងនូវអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ហើយបានទទួលស្គាល់និងសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសដែលធ្វើឱ្យមានការរីកចម្រើនលូតលាស់
និងមានកំណើនយ៉ាងខ្លាំង។ ឯកឧត្តម បានសន្យានឹងខិតខំធ្វើការទាក់ទាញនិងផ្សព្វផ្សាយឱ្យអ្នកវិនិយោគហុងកុងឱ្យមកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត
ដើម្បីបន្តរឹតចំណងមិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រជាជាតិទាំងពីរ។
យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា
ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ មានចំនួន ២៥៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១.៣៣ពាន់លានដុល្លារអាមេរិក
ស្មើនឹង ២.១៤%នៃទុនវិនិយោគសរុប។ ដោយឡែក ការវិនិយោគរបស់ហុងកុង ក្នុងឆ្នាំ២០១៧ គឺមានចំនួន១៣
គម្រោង ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង,កាបូប , និងឧស្សាហកម្មដទៃទៀត ក្នុងទឹកប្រាក់វិនិយោគប្រមាណ ៨៥លានដុល្លារអាមេរិក
ស្មើនឹង១.៦៤% នៃទុនវិនិយោគសរុបប្រចាំឆ្នាំ២០១៧។
ប្រភព៖ CDC