រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម អេដវ៉ាដ យ៉ូ (Edward Yau) អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅទីស្តីការក្រសួងពាណិជ្ជកម្ម
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃចន្ទ ៣កើត ខែចេត្រ
ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម អេដវ៉ាដ យ៉ូ (Edward Yau) អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង
នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជា និងហុងកុង បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីថែមទៀត
ដើម្បីនាំមកនូវអត្ថប្រយោ ជន៍សម្រាប់ប្រជាជន និងវិស័យសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល
ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូហុងកុង អំពីគោលនយោបាយគាំពារវិនិយោគិន
និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានសំណូមពរឱ្យមានការរៀបចំវេទិកាជំរុញពាណិជ្ជកម្មទ្វេភាគី
នៅក្នុងទីក្រុងហុងកុង នាពេលខាងមុខផងដែរ។
ឯកឧត្តម អេដវ៉ាដ យ៉ូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងកុង និងបានសម្តែងសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពរបស់កម្ពុជា
និងសាទរចំពោះសមិទ្ធផលសំខាន់ៗដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ហុងកុង មានទឹកប្រាក់សរុប
៧៣០លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញរបស់កម្ពុជាទៅហុងកុងមានទំហំទឹកប្រាក់ចំនួន
២១៣លានដុល្លារអាម៉េរិក និងនាំចូលពីហុងកុងមានទំហំទឹកប្រាក់ ៥១៦លានដុល្លារអាម៉េរិក។
លើសពីនេះ គម្រោងវិនិយោគរបស់ហុងកុង ក្នុងឆ្នាំ២០១៦ មានចំនួន១៤គម្រោង ដែលផ្តោតសំខាន់លើរោងចក្រផលិតកម្មស៊ីម៉ង់ត៍
ឧស្សាហកម្មកាត់ដេរសម្លៀកបំ ពាក់ និងស្បែកជើង រោងចក្រផលិតកាបូប កសិឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃផ្សេងៗទៀត៕
ប្រភព៖ AKP