ក្រុមហ៊ុន China Gas របស់ចិន មានគម្រោងវិនិយោគធ្វើអាជីវកម្ម Gas នៅខេត្តព្រះសីហនុ


គណៈប្រតិភូក្រុមហ៊ុន China Gas គឺជាក្រុមហ៊ុនផលិត ចែកចាយនិងលក់ Gas ធំជាងគេនៅប្រទេសចិន មានគម្រោងមកធ្វើការវិនិយោគលើអាជីវកម្ម Gas នៅក្នុងខេត្តព្រះសីហនុ។

នេះបើតាមការលើកឡើងរបស់លោក Deng Yao Bo ក្នុងការ ចូលជួបសម្តែងការគូរសមនិងពិភាក្សា ជាមួយឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

លោក Deng Yao Bo អគ្គនាយករងក្រុមហ៊ុន China Gas បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមាន គោលបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងនោះផ្ដោតទៅលើ ផ្នែក៣ រួមមានការលក់ហ្កាសបង្កើតភ្លើងដោយប្រើហ្កាសធម្មជាតិ (NPG) និងការតបណ្តាញបំពង់ហ្កាសតាមផ្ទះប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថាហ្កាសដែលគ្រោងនាំយកមកធ្វើ អាជីវកម្មនៅខេត្តព្រះសីហនុមានពីរប្រភេទ គឺប្រភេទ LPG និងប្រភេទ NPG ហើយប្រសិនមានការឯកភាពក្រុមហ៊ុននឹងឡើងគម្រោងដើម្បីឱ្យអ្នកជំនាញចុះធ្វើការសិក្សាភ្លាម។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ចំពោះគណៈ ប្រតិភូក្រុមហ៊ុន China Gas ដែលចាប់អារម្មណ៍មកធ្វើការវិនិយោគ Gas នៅព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ ដែលអាជ្ញាធរខេត្តស្វាគមន៍ចំពោះការវិនិយោគ របស់ក្រុមហ៊ុន China Gas នៅលើទឹកដីខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ដក៏បាន ស្នើឱ្យក្រុមហ៊ុនចាប់អារម្មណ៍លើការងារវិនិយោគលើគម្រោងទឹកកខ្វក់ មុនបង្ហូរចូលសមុទ្រផងដែរ ដើម្បីថែរក្សាបរិស្ថាន និងអនាម័យនៅក្នុងទីក្រុងទេសចរណ៍នេះ៕

ប្រភពៈ AKP