ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងព្រឹត្តការណ៍កិច្ចប្រជុំកំពូលធុរកិច្ច (Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី


នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមក្នុងព្រឹត្តការណ៍កិច្ចប្រជុំកំពូលធុរកិច្ច (Business Summit) ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ប្រព្តឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨។

ជាផ្នែកមួយនៃកិច្ចប្រជុំធុរកិច្ចកំពូលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាចូលរួមនៅក្នុងវេទិកាអ្នកដឹកនាំធុរកិច្ច (CEO Forum) ក្រោមអធិបតីភាព ឯកឧត្តម ម៉ាលខម ធើនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី និង ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។ ក្រៅពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី» ដែលមានការចូលរួមពីអភិបាលរតនាគារ (Treasurer) អូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងថៃ។

ខ្លឹមសាររួមនៃកិច្ចពិភាក្សាឃើញថា បណ្ដាប្រទេសអាស៊ានដែលមានវត្តមាន និងអូស្ត្រាលីគាំទ្រយ៉ាងមុតមាំលើពាណិជ្ជកម្មសេរី ជាពិសេសកិច្ចសហប្រតិបត្តិការដើម្បីបើកទីផ្សារ កាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយដទៃទៀតដែលបង្អាក់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយនឹងប្រទេសមួយទៀត។ ទាំងនេះជាការឆ្លើយតបទៅនឹងការរឹតត្បៀតដោយប្រទេសអាមេរិក ដែលកំពុងតែប្រឹងប្រែងអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយមមួយ ដែលផ្ទុយពីគោលការណ៍របស់ប្រទេសជាច្រើននៅក្នុងពិភពលោក ជាពិសេសអាស៊ានតែម្ដង។

ឆ្លើយតបទៅនឹងសំនួរស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសលើវិស័យកសិកម្ម ដែលជាវិស័យនាំមុខមួយរបស់អូស្ត្រាលី ឯកឧត្តមរដ្ឋមន្ត្រី យល់ឃើញថា អូស្ត្រាលីអាចដើរតួដ៏សំខាន់នៅក្នុងការជួយជ្រោមជ្រែងវិស័យនេះនៅកម្ពុជា។ ឯកឧត្តម បានរំលឹកអំពីប្រវត្តិនៃការបង្កើតវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ ដែលជាគំនិតផ្ដួចផ្ដើមរវាងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានអន្តរជាតិសម្រាប់ស្រាវជ្រាវស្រូវ (IRRI)។ ជាលទ្ធផលនៃការបង្កើតវិទ្យាស្ថាន CARDI ឃើញថា កម្ពុជាអាចបង្កើតបានពូជស្រូវល្អៗ និងមានគុណភាពខ្ពស់ ដែលអាចនាំឲ្យកម្ពុជាទទួលបាននូវជ័យលាភីជា «ស្រូវល្អបំផុតក្នុងពិភពលោក» បីឆ្នាំជាប់ៗគ្នា ២០១២-២០១៤។

ចំពោះដំណើរទៅមុខទៀត ឯកឧត្តមបានយល់ឃើញចំណុចមួយចំនួនដែលអូស្ត្រាលីអាចបន្តជួយកម្ពុជាបានក្នុងវិស័យកសិកម្ម រួមមានការធ្វើទំនើបកម្មវិស័យកសិកម្មតាមរយៈវិនិយោគនៅក្នុងវិស័យកសិកម្ម ដែលអូស្ត្រាលីជាប្រទេសមួយដែលមានបច្ចេកទេស និងបច្ចេកវិទ្យាខ្ពស់។ ទាក់ទងនឹងការងារនេះ ឯកឧត្តមបានលើកឧទាហរណ៍មួយដែលវិនិយោគិនអូស្ត្រាលីអាចពិចារណារបាន គឺវិនិយោគលើរោងម៉ាស៊ីនកិនស្រូវទំនើបៗ ក្នុងគោលដៅបង្កើនតម្លៃបន្ថែមដល់អង្ករកម្ពុជា និងពង្រីកទំហំនាំចេញឲ្យកាន់តែច្រើនឡើង។ ក្រៅពីនេះ កម្ពុជាក៏មានផលិតផលកសិកម្មដែលមានសក្ដានុពលខ្ពស់ សម្រាប់កែច្នៃនាំចេញដទៃទៀតផងដែរ ដូចជា ដំឡូងមី កៅស៊ូ ពោត ។ល។

ជាមួយនឹងការវិនិយោគ ឯកឧត្តមបានសង្កត់ធ្ងន់លើការអភិវឌ្ឍសមត្ថភាព ដែលជាកត្តាមួយដ៏សំខាន់ផងដែរ ដើម្បីស្រូបយកចំណេះដឹង និងបច្ចេកទេសថ្មីៗ សម្រាប់បង្កើនផលិតកម្ម និងឈានទៅរកការប្រកបកសិកម្មសម្រាប់ពាណិជ្ជកម្ម។ ក្នុងការងារនេះ ឯកឧត្តម នឹងអញ្ជើញវិទ្យាស្ថានចំនួនពីរដែលឯកឧត្តមបានជួបនៅក្នុងដំណើរការនៃកិច្ចប្រជុំកំពូលនេះ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីវិស័យនេះ។

ឯកឧត្តម បានបញ្ចប់បទអន្តរាគមន៍ដោយជំរុញឲ្យបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ឲ្យបានឆាប់រហ័សក្នុងឆ្នាំនេះ ដោយនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយធំជាងគេក្នុងពិភពលោក ដែលអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា និងអាស៊ានទាំងមូល។ ដោយឡែក ឯកឧត្តមបានបង្ហាញពីការមិនគាំទ្រដល់ការបង្កើតកិច្ចព្រមព្រៀង TPP ដែលអាចចែកអាស៊ានជាពីរ ដោយក្នុងនោះមានតែប្រទេសសមាជិកអាស៊ានមួយចំនួនជាសមាជិក ខុសប្លែកពី RCEP ដែលមានប្រទេសសមាជិកអាស៊ានទាំងអស់ជាភាគីនៃកិច្ចព្រមព្រៀងនេះ៕

ប្រភព៖ MOC