អគ្គនាយកដ្ឋានកាំកុងត្រូល ហាមផលិតផលម្សៅ Buckwheat Flour ដល់ពាណិជ្ជករនាំចូលនិងអាជីវករលក់ដុំ លក់រាយនៅកម្ពុជា


អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សាធារណជន ពាណិជ្ជករនាំចូល អាជីវ ករលក់ដុំ លក់រាយ ឱ្យមេត្តាជ្រាបថា អាជ្ញាធរបារាំង អគ្គនាយកដ្ឋានប្រកួតប្រជែង កិច្ចការអ្នកប្រើប្រាស់ និង ត្រួតពិនិត្យការក្លែងបន្លំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ( Directorate-General for Competition, Consumer Affairs and Fraud Control of Ministry of Economy and Finance) បានជូនដំណឹងអំពីការ ប្រមូលត្រឡប់ មកវិញនូវ ផលិតផលម្សៅ buckwheat flour ដែលផលិតនៅប្រទេសបារាំង និងមានម៉ាកយីហោ  Natur’Avenir បន្ទាប់ពីរកឃើញថាផលិតផលនេះមានវត្តមានសារធាតុ Tropane alkaloids ដែលមានប្រភពពីរុក្ខជាតិពុល Datura។នេះបើតាមការចេញផ្សាយ របស់អគ្គនាយកដ្ឋានកាំកុងត្រូល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា  Buckwheat និងផលិតផលម្សៅ  Buckwheat flour ប្រើប្រាស់ជាវត្ថុធាតុ ដើមសម្រាប់ផលិត ម្ហូបអាហារដូចជា គុយទាវ មី នំ នំបុ័ង ស្រា ស្រាបៀ និងភេសជ្ជៈ។ល។ ការទទួលទាន ផលិតផលម្ហូបអាហារដែលមានចម្លងចូលសារធាតុខាងលើនេះ នឹងបណ្តាលឱ្យប៉ះពាល់ដល់សរីរាង្គថ្លើម   ឈាម និងប្រព័ន្ឋសរសៃប្រសាទ។ក្នុងករណីធ្ងន់ធ្ងរនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ជុំវិញបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូលបាននិងកំពុងចាត់វិធានការរាំងខ្ទប់មិនឱ្យនាំចូលផលិតផល និងផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូលអាជីវករលក់ដុំ និងរាយនៅលើទីផ្សារកម្ពុជា។ក្នុងករណីមាននំាចូល និងចរាចរលើទីផ្សារនិងត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើបដើម្បីសម្របសម្រួល និងមានវិធានការតាមនីតិវិធីប្រសិនបើមានការដាក់តាំងលក់។

ក្នុងសេចក្ដីប្រកាសបានបន្ដថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុ អគ្គ នាយកដ្ឋានកាំកុងត្រូលសូមអំពាវនាវដល់សាធារណជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណដូចបានជំរាបជូនខាងលើនិងសូមជួយសហការផ្តល់ ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជា ពលរដ្ឋបានជួបប្រទះ។ លេខទូរស័ព្ទទំនាក់ទំនងៈ ទូរស័ព្ទខ្សែទី ១ ០១២ ២៧៨ ៧៨៩, ទូរស័ព្ទខ្សែទី ២ ០៩២ ៩៩៩ ៨៦៧, ទូរស័ព្ទខ្សែទី៣ ០១២ ៩៨៥ ៥៧៧។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សង្ឃឹមចំពោះការយកចិត្តទុកដាក់របស់សាធារណជន ពាណិជ្ជករ អាជីវករទាំងអស់ លើកិច្ច សហការការពារសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ឱ្យបានល្អប្រសើរ៕

ប្រភពៈ AKP