អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រកាសថា នឹងចុះត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅកម្ពុជា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ
អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថានគរបាលអន្តោប្រវេសន៍នឹងចុះប្រតិបត្តិការត្រួតពិនិត្យ
ប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅកម្ពុជានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន
និងកាស៊ីណូនៅទូទាំងប្រទេសដើម្បីធានាថា រាល់ជនបរទេសទាំងនោះគោរពច្បាប់អន្តោប្រវេសន៍កម្ពុជា
និងបង់ពន្ធចូលរដ្ឋបានត្រឹមត្រូវ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួង
រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា
នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍
សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានលើកឡើងថាកម្ពុជានឹងអនុវត្តន៍តាមផ្លូវច្បាប់
ប្រសិនបើជនបរទេសណាដែលមិនអនុវត្តន៍ការធ្វើប័ណ្ណការងារនិងមិនបានបំពេញកាតព្វកិច្ចបង់ ពន្ធត្រឹមត្រូវតាមច្បាប់
ដោយគ្មានការលើកលែងនោះឡើយ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ការបង់ពន្ធលើប័ណ្ណការងារជនបរទេសដែលធ្វើការនៅ
កម្ពុជាគឺមានតម្លៃត្រឹមតែ៤០ម៉ឺនរៀល ឬស្មើនឹង១០០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំដែលជនបរទេស
ទាំងអស់ត្រូវមានកាតព្វកិច្ចក្នុងការបង់។
ឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារបានបញ្ជាក់ថា
គិតមកដល់ពេលបច្ចុប្បន្ននេះ ជនបរទេសដែលកំពុងបម្រើការងារនៅកម្ពុជា គឺមានចំនួនជាង១៦ម៉ឺននាក់
ដែលនៅក្នុងនោះជនជាតិចិន គឺមានចំនួនច្រើនជាងគេ។
សូមជម្រាបថា ក្នុងសេចក្តីជូនដំណឹងរួមរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ
និងអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដែលបានចេញប្រកាសរួមគ្នា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ បានឱ្យដឹងថាគិតមកដល់ចុង ឆ្នាំ២០១៧
ម្ចាស់គ្រឹះស្ថាន និងជនបរទេសដែលមកវិនិយោគឬធ្វើការងារនៅកម្ពុជា មួយចំនួនពុំទាន់អនុវត្តន៍កាតព្វកិច្ច
និងបន្តគេចវេសប្រើប្រាស់ពលករបរទេសដោយពុំបានបំពេញ កាតព្វកិច្ចក្នុងការធ្វើប័ណ្ណ-សៀវភៅ
ការងារបរទេសឱ្យបានគ្រប់គ្នានោះទេ៕
ព្រភពៈ AKP