ក្រសួងអប់រំពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅ ទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ


ក្រសួងអប់រំយុវជននិងកីឡាបានពង្រីកការបណ្តុះបណ្តាល ជំនាញធុរកិច្ចដល់សិស្សកម្រិតវិទ្យាល័យនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះដើម្បីឱ្យសិស្សចេះបង្កើតមុខរបរ ដោយខ្លួនឯង ឬអាចរកការងារធ្វើបានសមរម្យនៅក្នុងសង្គម។

ឯកឧត្តម តូច ជឿន អគ្គនាយកយុវជននៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រ សាសន៍ថា ក្នុងឆ្នាំ២០១៨នេះ ក្រសួងនឹងពង្រីកការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់ សិស្ស ប្រមាណ៥០០នាក់នៅតាមវិទ្យាល័យចំនួន២៥ នៅទូទាំងប្រទេស ដើម្បីបង្កលទ្ធភាព ឱ្យសិស្ស អាចរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន ឬអាចទៅបង្កើត មុខរបរដោយខ្លួនឯង បង្កើតការងារជួនដល់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ច ជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តគម្រោងសាកល្បងការ អប់រំសហគ្រិនភាព«ការយល់ដឹងអំពីធុរកិច្ច» កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម តូច ជឿន បានបញ្ជាក់ថា ជំនាញធុរកិច្ច នេះគឺបង្ហាត់បង្រៀនសិស្សនូវជំនាញទាក់ទិននឹង ការបង្កើតគំនិតធ្វើអាជីវកម្ម ភាពជាអ្នកដឹក នាំ និងផ្តល់ឱកាសឱ្យសិស្សបានអនុវត្តន៍ជាក់ស្តែងបាន ច្រើននៅក្នុងថ្នាក់រៀនផងដែរ។

លោក ទុន សុភ័ណ អ្នកសម្របសម្រួលអង្គការអន្តរជាតិខាងការងារប្រចាំកម្ពុជា បានចាត់ទុកការសិក្សាស្តីពី ធុរកិច្ចនេះគឺពិតជាមានសារសំខាន់ណាស់ សម្រាប់សិស្សនៅកម្រិត វិទ្យាល័យមានជំនាញបន្ថែមធ្វើអាជីវកម្ម ចេះផ្នែកម៉ាឃីតធីងក្នុងការធ្វើជំនួញ និងចេះការគ្រប់ គ្រងចំណូលចំណាយជាដើម។

លោកបានស្នើឱ្យក្រសួងអប់រំត្រូវបង្កើនការបណ្តុះបណ្តាលស្តីពីធុរកិច្ចដល់គ្រូបន្ថែមទៀតដើម្បីឱ្យពួកគាត់ ងាយស្រួលក្នុងការពន្យល់ណែនាំដល់សិស្ស។

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានណែនាំឱ្យ យុវជនគ្រប់រូបត្រូវស្វែងយល់ ពីធុរកិច្ចនេះព្រោះជាមធ្យោបាយមួយឆ្ពោះទៅកាន់ការងារដ៏សមរម្យដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើតការងារនិងចូលរួមចំណែកលើក ស្ទួយដល់សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា ក្រសួងអប់រំ និងយុវជន និងកីឡា បានបណ្តុះបណ្តាលគ្រូស្តីពីធុរកិច្ច នេះបានជាង១០០នាក់រួច មកហើយ និងបានបណ្តុះបណ្តាលដល់សិស្សសាលាចំនួន១២៥ នាក់ហើយផងដែរ ហើយនៅក្នុងឆ្នាំ២០១៨នេះ ក្រសួងនឹងបណ្តុះបណ្តាលដល់សិស្ស ចំនួន ៥០០នាក់ បន្ថែមទៀតនៅតាមវិទ្យាល័យចំនួន២៥សាលានៅ ទូទាំងប្រទេស៕

ប្រភព៖ AKP