ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី៦


ប្រទេសសិង្ហបុរី៖ កាលពីថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សាថ្នាក់រដ្ឋមន្រ្តីនៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី៦ ជាមួយនឹងឯកឧត្តម Enggartiasto Lukita រដ្ឋមន្រ្តីឧស្សាហកម្មឥណ្ឌូនេស៊ី និងឯកឧត្តម Ramon M Lopez រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។ វេទិកានេះត្រូវបានសម្របសម្រួលដោយលោក Ryan Huang ផលិតករនៃស្ថានីយ៍វិទ្យុប៉ុស្តិ៍ MONEY FM និងមានអ្នកចូលរួមប្រមាណ ៣៥០ នាក់ ដែលជាអ្នកជំនួញជាន់ខ្ពស់ មកពីអឺរ៉ុប និងអាស៊ីអាគ្នេយ៍។

វេទិកាពិភាក្សានេះបានផ្តោតសំខាន់លើការអភិវឌ្ឍរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្ថានភាពពាណិជ្ជកម្មអាស៊ានជាមួយដៃគូ ព្រមទាំងនិន្នាការសាកលនៃពាណិជ្ជកម្មអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និង វាគ្មិនពីររូបទៀតមានទស្សនៈវិជ្ជមានចំពោះស្ថានភាពពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងលទ្ធភាពក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងតំបន់ នឹងតំបន់ជាមួយដៃគូពាណិជ្ជកម្ម។ បន្ថែមពីនេះទៀត ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងនាមជាវាគ្មិនបានបង្ហាញពីបរិយាកាសធុរកិច្ចប្រកបដោយភាពទាក់ទាញ របស់ប្រទេសកម្ពុជា និងបានលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើនថែមទៀតមកក្នុងប្រទេសកម្ពុជា ផងដែរ។

ប្រភពៈ MOC