មន្ត្រីស្ថានទូតចិនឈ្វេងយល់ពីស្ថានភាពវិនិយោគនិងភ្ញៀវទេសចរចិននៅខេត្តព្រះសីហនុ


មន្ត្រីស្ថានទូតចិនដឹកនាំដោយលោកស្រី Zuo Wenxing អនុប្រធានក្រុមបេសកកម្ម និង ជាទីប្រឹក្សានយោបាយ នៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានជួបសំដែងការ គួរសមជាមួយ អភិបាលខេត្តព្រះសីហនុ និងឈ្វេងយល់ពីស្ថានភាពអ្នកវិនិយោគ និងភ្ញៀវទេសចរចិន ដែល មកបណ្តាក់ទុនរកស៊ីលើវិស័យរោងចក្រ សណ្ឋាគារ កាស៊ីណូ និងសេវាកម្មផ្សេងៗ នៅខេត្តព្រះសីហនុ។ ជំនួបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃ៦រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧     ខែមីនា ឆ្នាំ២០១៨។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងទទួលបានការវិនិយោគ និងការ អភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ដោយ សារមានអ្នកវិនិយោគ និងភ្ញៀវទេសចរចិន មកធ្វើការវិនិ យោគលើវិស័យឧស្សាហកម្ម រោងចក្រ សណ្ឋាគារ កាស៊ីណូ និងសេវាកម្មផ្សេងៗ ទៀតក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងនាមរដ្ឋបាល ខេត្តព្រះសីហនុ ស្វាគមន៍ចំពោះអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាអ្នកវិនិយោគ និងទេសចរមកពីគ្រប់ ប្រទេស ដែលមានបំណងមកធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅ ខេត្តព្រះសីហនុ ក្នុងការធានាការពារសន្តិសុខ សុវត្ថិភាពចំពោះអ្នកវិនិយោគ ក៏ដូចជាអ្នក ទេសចរទាំងអស់ផងដែរ។ ចំពោះការគ្រប់គ្រងអាជីវកម្មវិញ រដ្ឋបាលខេត្តនឹងធ្វើតាមលិខិត បទដ្ឋានច្បាប់ជាគោល ហើយអ្នកវិនិយោគ និងទេសចរទាំងនោះ ត្រូវសហការ ចូលរួមគោរពច្បាប់កម្ពុជាទាំងអស់គ្នា។

លោកស្រី Zuo Wenxing អនុប្រធានក្រុមបេសកកម្ម និងជាទីប្រឹក្សានយោបាយ នៃ ស្ថានទូតចិន ប្រចាំនៅ   កម្ពុជា បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ បង្កលក្ខណៈ ងាយស្រួលដល់អ្នកវិនិយោគ និងទេសចរ ចិននៅលើទឹកដីខេត្តព្រះសីហនុ ថ្វីត្បិតតែមាន ចំណុចអវិជ្ជមានតិចតួចក្តី ប៉ុន្ដែត្រូវរួមគ្នាដោះស្រាយ ដើម្បី ផលប្រយោជន៍រួមទាំងអស់គ្នា ក្នុងការជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុ រួមចំណែកបង្កើនសេដ្ឋកិច្ចសង្គម និង កាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។លោកស្រីបានបន្ថែមថា ប្រសិនមានបញ្ហាអ្វីកើតឡើងសូមរួម គ្នាដោះស្រាយផ្ទៃក្នុងឱ្យបានល្អ ធ្វើយ៉ាងណាពង្រឹងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ ថែមទៀត ហើយរដ្ឋាភិបាលចិន នឹងជំរុញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ និងនាំមកនូវផលប្រយោជន៍ ជាច្រើនបន្ថែមទៀតដល់ខេត្តព្រះសីហនុ និងប្រជាពលរដ្ឋកម្ពុជា៕

ប្រភព៖ AKP