រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ធនធានមនុស្ស គឺជាកត្តាសំខាន់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
បានគូសបញ្ជាក់ថា ការកសាងធនធានមនុស្ស និងការពង្រឹងសមត្ថភាពទាំងនៅក្នុងក្របខណ្ឌមន្ត្រីរាជការ
និងវិស័យឯកជន គឺជាកត្តាសំខាន់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល
(ជំនាន់ទី១) ចំនួន ៦១នាក់ និងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល
(ជំនាន់ទី២) ដែលរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់
ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានស្នើពួកគេប្រើប្រាស់ចំណេះដឹងថ្មីៗ ដើម្បីចូលរួមជំរុញសកម្មភាពពាណិជ្ជកម្មជាតិ
ជាពិសេសទាញយកអត្ថប្រយោជន៍អតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មផ្តល់ដោយប្រទេសនានា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្តានុពល
និងកាលានុវត្តភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធ
MFN
GSP និង EBA ផ្តល់ដោយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើពិពិធកម្មវិស័យការងារ
និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាបានប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់
និងប្រទេសដៃគូចំនួន ៦ទៀត និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ព្រមទាំងចរចាក្រោមក្របខ័ណ្ឌអង្គការ WTO សំដៅដករបាំងពាណិជ្ជកម្មសម្រាប់ផលិតផលនាំចេញពីកម្ពុជា ដែលនឹងជួយសម្រួលការធ្វើពិពិធកម្មវិស័យនាំចេញ
និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល
(ជំនាន់ទី១) ត្រូវបានរៀបចំឡើងមានរយៈពេល ១០ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីតំណាងស្របច្បាប់របស់សហគ្រាស
និងក្រុមហ៊ុន ក្នុងការបំពេញលក្ខខណ្ឌវិធានប្រភពដើមទំនិញនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
វគ្គនេះក៏ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រកាស ឬសេចក្តីជូនដំណឹងពាក់ពន្ធការផ្តល់ឯកសារនាំចេញ-នាំចូល
ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
បើតាមទិន្ន័យផ្លូវការបង្ហាញថា ការនាំចេញរបស់កម្ពុជា
នៅក្នុងឆ្នាំ២០០៧ មានទឹកប្រាក់ ៣.៥២៥លានដុល្លារ ហើយបានកើនឡើងដល់ ១១.១៤២លានដុល្លារ នៅក្នុងឆ្នាំ២០១៧
ក្នុងនោះផលិតផលនាំចេញមានដូចជា៖ ទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំអេឡិចត្រូនិក
ទោចក្រយានយន្ត ផលនេសាទ ជ័រកៅស៊ូ ឈើកែច្នៃ និងទំនិញកសិកម្មរួមមាន អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី
ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយស្រស់ និងប្រេងឆៅ៕
ប្រភព៖ MOC
Comments
Post a Comment