ក្រសួងឧស្សាហកម្មរៀបចំពិធីផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តន៍ កិច្ចព្រមព្រៀងទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប
នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំកម្មពិធីផ្សព្វផ្សាយ
ស្តីពីការចាប់ផ្តើមអនុវត្តន៍កិច្ចព្រមព្រៀងទទួលស្គាល់ ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប
រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ក្រោមអធិបតីភាពឯកឧត្តម
ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក François-Régis Hannart នាយកផ្នែកកិច្ចសហប្រតិបត្តិការ អន្តរជាតិប្រចាំទ្វីបអន្តរជាតិ
និងជាតំណាងនៃនាយកអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EPO)។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថាក្នុងបរិបទសកលភាវូបនីយកម្មសេដ្ឋកិច្ច
និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននាបច្ចុប្បន្ននេះ កម្មសិទ្ធិបញ្ញា គឺជាកម្មវត្ថុមួយដ៏មានសារៈសំខាន់
សម្រាប់ការធ្វើពាណិជ្ជកម្ម ការជំរុញផលិតកម្ម ឧស្សាហកម្មជំរុញការប្រកួតប្រជែងទីផ្សារប្រទេសក្នុងតំបន់
និងអន្តរជាតិ។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញាចំពោះរបកគំហើញនៃការច្នៃប្រឌិត
និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បង ក្នុងការចូលរួមចំណែកពង្រឹងនិងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា
និងជំរុញវិស័យសេដ្ឋកិច្ចឱ្យមានការរីកចម្រើនផងដែរ។
ឯកឧត្តមបន្តថា ដោយមើលឃើញពីការខ្វះខាតនូវធនធាន និងមន្ត្រីជំនាញបច្ចេកទេសក្នុងការស្រាវជ្រាវ
ពិនិត្យវាយតម្លៃតក្កកម្ម ដើម្បីផ្តល់ប្រកាសនីយបត្រតក្កកម្មជូន អ្នកដាក់ពាក្យសុំការពារប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា
និងម្យ៉ាងទៀតក្នុងការ ទាក់ទាញអ្នកវិនិយោគពីសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកឱ្យចូលមកធ្វើការវិនិយោគ
និងការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង ក្រសួងបានធ្វើការសិក្សាស្រាវជ្រាវពិនិត្យមើលលទ្ធភាពក្នុងការធ្វើ
កិច្ចសហប្រតិបត្តិការ ផ្នែកកម្មសិទ្ធិបញ្ញាជាមួយប្រទេសមួយចំនួន ដើម្បីពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបន្តទៀតថា ក្នុងនោះមានអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS) អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋប្រជាមានិតចិន (SIPO) និងបានធ្វើការសិក្សាលើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប
រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រហូតបានចុះហត្ថលេខា
នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ហើយកិច្ចព្រមព្រៀងនេះត្រូវបានគណៈរដ្ឋមន្ត្រី
សម្រេចយល់ ព្រមក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ និងបានការអនុម័តយល់ព្រមពីក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩
នីតិកាលទី៥ នៅថ្ងៃទី១៦ តុលា ឆ្នាំ២០១៧ និងទទួលបានការអនុម័តយល់ព្រមពីស្ថាប័នព្រឹទ្ធសភា
ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដាក់ឱ្យប្រើដោយ
ព្រះរាជក្រមលេខ នស/រកម/១១១៧/០១៧ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
ស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ជាក់ថាកិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង
ដើម្បីកម្មសិទ្ធិបញ្ញារវាងកម្ពុជា និងសហភាពអឺរ៉ុប ទាក់ទាញការវិនិយោគ និងពង្រីកមូលដ្ឋានផលិតកម្មរួមចំណែកពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា
ដែលបានរួមសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្មដើម្បីអបអរសាទរថ្ងៃប្រកាស ផ្សព្វផ្សាយស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជានាពេលនេះ។
លោក ង៉ែត វិបុល អគ្គនាយករងឧស្សាហកម្ម ទទួលបន្ទុកការងារកម្មសិទ្ធិឧស្សាហកម្មសិប្បកម្ម
បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃប្រកាសចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់ សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប
រវាងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនិងកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ត លេខាជាធរមានកាលពីពេលថ្មីៗមកនេះ។ ចំពោះផលប្រយោជន៍ទទួលបានពីកិច្ចព្រមព្រៀងនេះ
កម្ពុជានឹងទទួលបានចំណូលថវិកាជាតិពីការលក់ពាក្យសុំ និងប្រាក់កម្រៃប្រចាំឆ្នាំ ទទួលបានការពង្រឹង
សមត្ថភាពធនធានមនុស្សផ្នែកកម្មសិទ្ធិបញ្ញា ក៏ដូចជាអំពីប្រកាសនីយបត្រតក្កកម្មដល់មន្ត្រីរបស់យើង
សម្រាប់តម្រូវការបច្ចុប្បន្ន និងទៅអនាគត ទទួលបានជំនួយបច្ចេកទេសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍
និងទស្សនកិច្ចសិក្សានៅប្រទេសជាមាជិក EPO ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសមន្ត្រីឧស្សាហកម្ម និងអ្នកពាក់ព័ន្ធអំពីការកែច្នៃប្រឌិត
និងបង្កើតថ្មីប្រកាសនីយបត្រតក្កកម្ម ស្របតាមគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា
ធ្វើឱ្យមានកំណើនរោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម វិនិយោគ ដែលនាំមកបច្ចេកវិទ្យាថ្មីៗមកកម្ពុជាកាន់តែកើនឡើង៕
ប្រភពៈ AKP