ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី៖ ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ មានភាពជោគជ័យផ្នែកសេដ្ឋកិច្ច


          ឯកឧត្ដម Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍ អាស៊ីថ្លែងថា ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានសម្រេចនូវវឌ្ឍនភាពគួរឱ្យភ្ញាក់ផ្អើល ក្នុងមួយរយៈពេលភាគបួនទសវត្សរ៍កន្លងមកនេះ។ ប្រទេសទាំងនេះដែលធ្លាប់តែរុំព័ទ្ធដោយភាពក្រីក្រ ឥឡូវនេះបានក្លាយជាប្រទេស ដែលមានភាពជោគជ័យផ្នែកសេដ្ឋកិច្ចជាច្រើន។ កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គបានរួម ចំណែកយ៉ាងច្រើន ដល់ការផ្លាស់ប្ដូរនេះ។

          ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ក្នុងនាមជាមធ្យោបាយដើម្បីជួយលើកកម្ពស់ទំនាក់ទំនង សេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ រវាងប្រទេសជាសមាជិកទាំងប្រាំមួយ គឺកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កម្មវិធីនេះបានបង្កើតនូវវេទិកាមួយ សម្រាប់ជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបានកៀរគរថវិកាជិត ២១ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋា រចនាសម្ព័ន្ធ ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់។ ការវិនិយោគដោយផ្ទាល់ពីបរទេសមកក្នុងអនុតំបន់នេះបានកើនឡើង ១០ដង ហើយពាណិជ្ជកម្មរវាង ប្រទេសនានាក្នុងតំបន់នេះ បានកើនឡើងពី ៥ ពាន់លានដុល្លាររហូតដល់ជាង ៤១៤ ពាន់លានដុល្លារ។

          ប៉ុន្តែ អនុតំបន់នេះ ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដែលបន្ទុចបង្អាក់ដល់ការសម្រេចនូវវិបុលភាព។ ការបន្តកាត់បន្ថយភាពក្រីក្រ ការបន្សាំនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ប្រសិទ្ធភាពថាមពល សន្តិសុខស្បៀង និងការពង្រីកនិងអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព នៅតែជា អាទិភាពនៃកម្មវិធី GMS។ ប្រទេសនានាក៏ជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗមួយចំនួនផងដែរដូចជា ការកើនឡើងនូវបញ្ហា វិសមភាព ការកើនឡើងនូវការធ្វើចំណាកស្រុកឆ្លងដែន និងផលប៉ះពាល់ដែលបដិវត្តន៍ឧស្សាហកម្មទី ៤ អាចបង្កមកលើការងាររបស់ប្រជាពលរដ្ឋ។

          ប្រទេស GMS បានយល់ស្របទៅតាមការប្ដេជ្ញាចិត្ត ដែលត្រូវបានដាក់ចេញក្រោមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ក៏មានកាលានុវត្តភាពថ្មីៗសម្រាប់តំបន់នេះផងដែរ ដូចជាការយកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់តាមវិស័យ មួយចំនួន ដូចជា អប់រំ កសិកម្ម សុខាភិបាល និងហិរញ្ញវត្ថុជាដើម។

          ប្រទេស GMS ក៏ស្ថិតនៅចំផ្លូវប្រសព្វគ្នា រវាងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផងដែរ មានន័យថា ប្រទេសទាំងនេះអាចទទួលបានប្រយោជន៍ពីកំណើន ដែលកំពុងមានសន្ទុះកើនឡើងខ្លាំងនៅអាស៊ី ខាងត្បូង។

          ឯកឧត្ដមប្រធានធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា ខណៈដែលប្រមុខដឹកនាំនៃប្រទេស GMS ជួបប្រជុំគ្នានៅសប្ដាហ៍នេះក្នុងទីក្រុងហាណូយ ដើម្បីកំណត់ពីអនាគតនៃកម្មវិធីនេះ នេះជាពេលដ៏ល្អមួយ ដើម្បីធ្វើការពិចារណាពីរបៀបដែលការបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗ អាចជួយធានាឱ្យកម្មវិធី GMS នៅតែមានភាពពាក់ព័ន្ធនឹងឆ្លើយតប ចំពោះតម្រូវការនៃអនុតំបន់នេះ។

          ផែនការសកម្មភាពទីក្រុងហាណូយ និងក្របខ័ណ្ឌវិនិយោគថ្នាក់តំបន់របស់ GMS ២០២២ ដែលលើកស្នើ ដើម្បីសុំការអនុម័តក្នុងកិច្ចប្រជុំកំពូលនេះ ដាក់ចេញនូវមូលដ្ឋានសម្រាប់ឱ្យប្រទេសទាំងនេះធ្វើការពង្រឹង កិច្ចសហប្រតិបត្តិការរបស់ខ្លួន តាមរយៈការបន្តនវានុវត្តន៍ជាប្រចាំ។

          ឯកសារទាំងពីរនេះសម្រួចការផ្ដោតការយកចិត្តទុកដាក់លើគោលដៅជាយុទ្ធសាស្ត្រនៃកម្មវិធី GMS នោះគឺការបង្កើនការតភ្ជាប់ទំនាក់ទំនង ភាពប្រកួតប្រជែង និងសហគមន៍ក្នុងអនុតំបន់នេះ។ ការតភ្ជាប់ទំនាក់ទំនង ដែលជាគោលដៅទី ១ ត្រូវបានបង្កើនគួរឱ្យកត់សម្គាល់។

          ផ្លូវសាងសង់ថ្មី ឬផ្លូវដែលត្រូវបានកែលម្អប្រវែងជាង ១០.០០០ គីឡូម៉ែត្រ និងខ្សែបណ្ដាញបញ្ជូន អគ្គិសនី និងចែកចាយអគ្គិសនីប្រវែង ៣.០០០ គីឡូម៉ែត្រ ត្រូវបានបន្ថែមទៅក្នុងកម្មវិធីនេះ។ បណ្ដាញគមនាគមន៍ទាំងនេះ ត្រូវបានកែលម្អប្រែក្លាយជាបណ្ដាញច្រករបៀងសេដ្ឋកិច្ចឆ្លងដែន ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ដែលជាការពង្រឹងបន្ថែមលើការបំពេញការងាររយៈពេល ២៥ ឆ្នាំ ដើម្បីពង្រីកអត្ថប្រយោជន៍ដែលបានពីកំណើនឱ្យសាយភាយដល់តំបន់ដាច់ស្រយាល។ ផែនការសកម្មភាពទីក្រុងហាណូយ អំពាវនាវឱ្យមានការបន្តពង្រីកច្រករបៀងសេដ្ឋកិច្ចទាំងនេះ ក្នុងគោលបំណងលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ និងរវាងតំបន់មួយ និងតំបន់មួយទៀត ក្នុងប្រទេសនីមួយៗ។

          ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេស GMS បានកំណត់នូវគម្រោងថ្មីចំនួន ២២៧ គម្រោង ដែលមានតម្លៃ ៦៦ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌវិនិយោគថ្នាក់តំបន់ GMS ២០១៨-២០២២។

          គម្រោងទាំងនេះនឹងពង្រីកវិបុលភាពសេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ គមនាគមន៍ និងថាមពលឆ្លងដែន។ ក្នុងនាមជាលេខាធិការដ្ឋាននៃកម្មវិធីនេះ ចាប់តាំងពីពេលដែល កម្មវិធីនេះត្រូវបានបង្កើតដំបូងមក ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដល់ថវិកា ៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ទៀត សម្រាប់គម្រោងជាច្រើន ដែលគាំទ្រដល់ការដឹកជញ្ជូន ទេសចរណ៍ ថាមពល ការកាត់បន្ថយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សង្វាក់តម្លៃ កសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុង។ ថវិកានេះ ជាថវិកាបន្ថែមពីលើថវិកា ៨ ពាន់លានដុល្លារ ដែល ADB ផ្ដល់ជាហិរញ្ញប្បទានកន្លងមកសម្រាប់កម្មវិធីនេះ។ដើម្បីអនុវត្តន៍គម្រោងទាំងនេះ និងដើម្បីទទួលបាន ជោគជ័យក្នុងអាទិភាពដទៃទៀត ដូចជាការទប់ស្កាត់ជំងឺឆ្លង និងការការពារបរិស្ថានជាដើម ទាមទារឱ្យមានការកសាងភាពជាដៃគូឱ្យបានរឹងមាំ។

          កម្មវិធី GMS ពឹងអាស្រ័យលើកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធនានា ដូចជារដ្ឋបាល និងសហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ GMS នឹងទទួលបានប្រយោជន៍ពីការពង្រឹងភាពជាដៃគូជាមួយនឹងវេទិកាសហប្រតិបត្តិការថ្នាក់តំបន់ និងថ្នាក់ សកលដទៃទៀត ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មីៗ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។

          ភាពជាដៃគូជាមួយវិស័យឯកជន ក៏រឹតតែមានសារៈសំខាន់ថែមទៀត ហើយយើងទាំងអស់គ្នារីករាយ ដែលសង្កេតឃើញថា ភាពជាដៃគូនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈក្រុមប្រឹក្សាធុរកិច្ច GMS គំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) វេទិកាទេសចរណ៍ និងកសិកម្ម GMS និងសន្និសីទវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលទើបត្រូវបានរៀបចំ ឡើងកាលពីពេលថ្មីៗនេះ។

          ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី មានសុទិដ្ឋិនិយមថា អនុតំបន់នេះនឹងអាចឆ្លើយតបចំពោះបញ្ហាប្រឈម ដែលខ្លួនកំពុងជួបប្រទះ និងទាញប្រយោជន៍ពីឱកាសថ្មីៗទាំងនេះ។ តាមរយៈការធ្វើការងាររួមគ្នា ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ ពិតជាអាចសម្រេចបាននូវកំណើនឆាប់រហ័សប្រកប ដោយចីរភាព និងបរិយាបន្ន ក្នុងរយៈពេល ២៥ឆ្នាំទៀត និងក្នុងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត។ ADB នឹងបន្តបំពេញតួនាទីជាដៃគូ ដែលមានសារៈសំខាន់ និងអាចជឿទុកចិត្តបានក្នុងកិច្ចខិតខំប្រឹងប្រែង ទាំងនេះ៕

ប្រភព៖ AKP

Comments