ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មទីក្រុងហុងកុង ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគពាក់ព័ន្ធនឹងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា


តាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សា​អភិវឌ្ឍន៍ពាណិជ្ជកម្មទី​ក្រុង​ហុងកុង ដឹក​នាំដោយ​ឯកឧត្តម Edward YAU ទទួលបន្ទុកការិយាល័យ​អភិវឌ្ឍន៍សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។

ប្រភពដដែលបានគូសបញ្ជាក់ថា ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង​ស្វែងរកឱកាសវិនិយោគ​ពាក់ព័ន្ធ​នឹងការស្តារឡើងវិញនូវ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​របស់កម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមទេស​រដ្ឋមន្រ្តី បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេល​បច្ចុប្បន្ន រួមមាន៖ ការស្ថាបនា បណ្តាញផ្លូវថ្នល់ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែក​ភាគខាងត្បូង និងខាងជើង​ភ្ជាប់ទៅនឹង បណ្តាប្រទេសអាស៊ាន និងសក្ដានុពលផ្លូវដែក រវាងទីក្រុងភ្នំពេញទៅកាន់​ទីក្រុងហូជីមិញ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរ អំពីគម្រោងនានានៅក្រុងព្រះសីហនុ រួមមាន៖ គម្រោងផ្លូវល្បឿនលឿន ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច​តំបន់ឆ្នេរសមុទ្រ និងការ​អភិវឌ្ឍ​ព្រលានយន្តហោះថ្មីនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​សម្តែង​នូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្របសម្រួល​ដល់វិនិយោគិនហុងកុង​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការវិនិយោគ​នៅកម្ពុជា។

ដោយឡែក ឯកឧត្តម Edward YAU ក៏បានអញ្ជើញឯកឧត្ដមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ទីក្រុងហុងកុង ដើម្បីឈ្វេងយល់អំពីហេដ្ឋារចនាសម្ព័ន្ធដឹក​ជញ្ជូននៅទីក្រុងហុងកុង​ផងដែរ៕

ប្រភព៖ AKP