គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិចិន និងពាណិជ្ជករនៃក្រុមប្រឹក្សាចិន ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ
កាលពីថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា
ឆ្នាំ២០១៨ គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិចិន និងពាណិជ្ជករ នៃក្រុមប្រឹក្សាចិន ដឹកនាំដោយលោក
ជិន ឈីងតាវ (CHEN QINGTAO) បានចូលជួប សម្តែងការគួសមជាមួយឯកឧត្តម
យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងទំនាក់ទំនងធ្វើការវិនិយោគស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ
បានស្វាគមន៍គណៈប្រតិភូសភា ពាណិជ្ជកម្មចិន ដែលចាប់អារម្មណ៍ចំពោះសក្តានុពលរបស់ខេត្តព្រះសីហនុ
សម្រាប់ទិសដៅសំខាន់ក្នុងការវិនិយោគ និងទេសចរណ៍នាពេលខាងមុខ។
ឯកឧត្តម យន្ត មីន បន្តថា រដ្ឋបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះអ្នកវិនិយោគ ពីគ្រប់ទិសទីទាំងអស់
មិនថា ប្រទេសចិន ឬប្រទេសណាទេ ដែលមានបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូន
ពីសក្តានុពលរបស់ខេត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាតំបន់សេដ្ឋកិច្ចគំរូ ពហុបំណងធំជាងគេ
ក្នុងប្រទេសកម្ពុជា និងជាបំពង់កសេដ្ឋកិច្ច សម្រាប់ទិសដៅការអភិវឌ្ឍរយៈពេលវែង ខេត្តព្រះសីហនុគ្រោងនឹងបង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម
វប្បធម៌ ទេសចរណ៍ និងវិនិយោគ សម្រាប់ធ្វើការទាក់ទាញវិនិយោគិនចូលមកកាន់តែច្រើនថែមទៀត។
អ្នកវិនិយោគគួរងាកមកចាប់អារម្មណ៍លើវិស័យពីរ ដែលកំពុងលេចធ្លោជាងគេក្នុងពេលនេះ គឺវិស័យឧស្សាហកម្ម
និងទេសចរណ៍។
លោក ជិន ឈីងតាវ (CHEN QINGTAO)បានឱ្យដឹងថា
តាម រយៈទំនាក់ទំនងវប្បធម៌ និងនយោបាយ រវាងចិន និងកម្ពុជាល្អជាយូមកហើយ កាន់តែរឹងមាំថែមទៀត
ក្នុងការជំរុញការវិនិយោគនៅ ព្រះរាជាណាចក្រកម្ពុជា ពិសេសការ វិនិយោគនៅខេត្តព្រះសីហនុ។
នៅខែមេសា ឆ្នាំ២០១៨ខាងមុខនេះ សភាពាណិជ្ជកម្មចិន នឹងបង្កើតវេទិកាវិនិយោគមួយនៅទីក្រុងភ្នំពេញ
ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យ ងាកមកខេត្តព្រះសីហនុ ដែលជាគោលដៅវិនិយោគកាន់តែធំថែមទៀត។
លោក CHEN QINGTAO បន្តថា ក្រុមគណៈប្រតិភូរបស់លោកមានបំណងចង់មកធ្វើការវិនិយោគលើ
គម្រោងបង្កើតថាមពលអគ្គិសនី ប្រើដោយថាមពលខ្យល់សមុទ្រនៅខេត្តព្រះសីហនុ ៕
ប្រភពៈ AKP