ក្រុមហ៊ុន សហគ្រាសផលិតផលឧស្សាហកម្មចំនួន១០០ មកពីប្រទេសចិន និងកម្ពុជារួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូងនៅកម្ពុជា


ក្រុមហ៊ុន សហគ្រាសផ្នែកផលិតផលឧស្សាហកម្ម កសិកម្ម និងផលិតផលអេឡិច ត្រូនិកចំនួន១០០ មកពីខេត្ដហ៊ូណាន និងខេត្ដសានតុងនៃប្រទេសចិន រួមជាមួយសហ គ្រាសនៅក្នុងប្រទេសកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជាលើកដំបូង នៅកម្ពុជា ដើម្បីពង្រីកសក្ដានុពលផ្នែកវិនិយោគ និងពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុនសហគ្រាស ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិលើកទី១នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមាន ប្រសាសន៍ថា ការរៀបចំសហការពិព័រណ៍ពាណិជ្ជកម្មរវាង ក្រុមហ៊ុន សហគ្រាសចិន និងកម្ពុជានេះ គឺបានផ្ដល់នូវផលចំណេញច្រើនដល់អ្នកវិនិយោគ និងពាណិជ្ជករ ដែលបានបើកអាជីវកម្ម នៅកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនងល្អរវាង រដ្ឋាភិបាលចិន អ្នកវិនិយោគិនចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងពាណិជ្ជករកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុនចិនច្រើននៅកម្ពុជា បានផ្ដល់នូវផល ប្រយោជន៍ជាច្រើនដល់ការរីកចម្រើនផ្នែកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មានការងារធ្វើកាន់តែច្រើនថែមទៀត ដើម្បីបង្កើនប្រាក់ ចំណូលនិងផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។

លោកស្រី វ៉ាង លីភឹង អគ្គនាយិកាក្រុមហ៊ុន វ៉ាងនី គ្រុបរបស់ចិន ដែលជាក្រុមហ៊ុន រៀបចំពិព័រណ៍នេះ បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងជំរុញទំនាក់ ទំនងពង្រីកការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងចិនឱ្យកាន់តែកើនឡើងបន្ថែម ទៀតជាពិសេសការលើកកម្ពស់ទីផ្សារទំនិញ និងផលិតផលរបស់សហគ្រាស ប្រទេស ទាំងពីរ ក្នុងការបើកផ្លូវសម្រាប់អាជីវកម្ម សេវាកម្ម និងផលិតផលផ្សេងៗទៀត។

លោកស្រី បានបន្ដទៀតថា ចាប់ពីឆ្នាំ២០១៨នេះតទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន សហ គ្រាសចិន គ្រោងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រទីផ្សារ ទំនិញ និងផលិតផលរបស់ចិន និងកម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិលើកទី១នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានដាក់ តាំងនូវផលិត ផលទេសចរណ៍ ផលិតផលឧស្សាហកម្ម កសិកម្ម ចំណីអាហារ សម្លៀក បំពាក់ស្បែកជើង គ្រឿងសម្អាង រថយន្ដ និងម៉ូតូ គ្រឿង សម្ភារសំណង់ ផលិតផល អេឡិចត្រូនិក និងផ្នែកអចលនទ្រព្យ សរុបចំនួន១២ប្រភេទ និងមានស្ដង់ចំនួន១០០ស្ដង់ ដែលមានក្រុមហ៊ុន សហគ្រាសចិន និងកម្ពុជា៕

ប្រភព៖ AKP