ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៤
(ប្រទេសសិង្ហបុរី)៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា
នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
លើកទី២៤ (24th AEM Retreat) ដែលកិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម
Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី
ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន
អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំ បានអនុម័តលើឯកសារសេដ្ឋកិច្ចជាអាទិភាព ដែលបានស្នើដោយប្រទេសសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានឆ្នាំ២០១៨នេះ
ក្រោមប្រធានបទ ”Resilient and Innovative”។ ឯកសារសេដ្ឋកិច្ចជាអាទិភាពទាំងនោះមានដូចជា៖
(១) ការជំរុញនវានុវត្តន៍
និងពាណិជ្ជកម្មអេឡិចត្រូនិក
(២) ការធ្វើឲ្យប្រសើឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មអាស៊ាន
(៣) ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មផ្នែកសេវាកម្ម
និងវិនិយោគ
(៤)ការបង្កើតបរិយាកាសអនុគ្រោះសម្រាប់បទប្បញ្ញត្តិបរិស្ថាន
(៥) ការបន្តវឌ្ឍនភាពទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូអាស៊ាន។
កិច្ចប្រជុំបានពិភាក្សាលើទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដៃគូ និងបានពិភាក្សាអំពីសហគមន៍សេដ្ឋកិច្ចអាស៊ានដែលជាផ្នែកសំខាន់របស់អាស៊ាន។
បន្ថែមពីនេះទៀត កិច្ចប្រឹក្សាយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានគាំទ្រដល់ការកំណត់វិស័យជាអាទិភាពសេដ្ឋកិច្ចរបស់អាស៊ានលើនវានុវត្តន៍
និងសេដ្ឋកិច្ចឌីជីតាល់ ជាពិសេសពាណិជ្ជកម្មអេឡិចត្រូនិក។
ទន្ទឹមនឺងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ បានបង្ហាញជំហររឹងមាំក្នុងការគាំទ្រឲ្យមានការចរចាឡើងវិញ
និងបន្តការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប និងពិនិត្យលទ្ធភាពក្នុងចរចាបើកផ្លូវពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មដែលមានសក្តានុពលដ៏ទៃទៀតដូចជា
កាណាដា អឺរ៉ុប អាស៊ី (EAEU) សមាគមពាណិជ្ជកម្មសេរី
នៃសហភាពអឺរ៉ុប (EFTA) និង Pacific Alliance។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ
និងបានទទួលគណៈប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្តៅ ក្នុងអំឡុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៤នេះ។
ប្រភពៈ MOC