ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់លើកទី៤
ប្រទេសសិង្ហបុរី៖ កាលពីថ្ងៃសៅរ៍ ០២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣
ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា
បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់
លើកទី៤ (4th
RCEP ISSL MM)។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយឯកឧត្តម
Lim
Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី
និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តី RCEP និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មអាស៊ាន មានដូចជាប្រទេសអូស្ត្រាលី
ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសណូវែលហ្សេឡង់ ព្រមទាំងអគ្គលេខាធិការអាស៊ាន
និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
អង្គប្រជុំ បានកត់សម្គាល់លើវឌ្ឍនភាពនៃកិច្ចចរចាបន្ទាប់ពីកិច្ចប្រជុំរៀបចំកិច្ចប្រជុំកំពូល
RCEP
លើកទី១ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល
ប្រទេសហ្វីលីពីន និងលទ្ធផលនៃកិច្ចប្រជុំចរចា គណៈកម្មាធិការចរចាពាណិជ្ជកម្ម និងកិច្ចប្រជុំពាក់ព័ន្ធ
លើកទី២១ ពីថ្ងៃទី០២-០៩ ខែកុម្ភៈ នៅទីក្រុងយ៉ូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី និងលទ្ធផលនៃអន្តរកិច្ចប្រជុំក្រុមការងារ
និងអនុក្រុមការងារទាំងអស់។ អង្គប្រជុំបានអះអាងឡើងវិញនូវការខិតខំប្រឹងប្រែងសម្រេចឲ្យបានតាមការណែនាំរបស់ថ្នាក់ដឹកនាំ
RCEP
ឲ្យពន្លឿន និងបញ្ចប់ការចរចាក្នុងឆ្នាំ២០១៨នេះ
និងបានស្វាគមន៍នូវផែនការការងារដែលបានធ្វើបទបង្ហាញដោយប្រធាននៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម
RCEP
ជូនទៅកាន់អង្គប្រជុំ។
អង្គប្រជុំ បានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចព្រមព្រៀង RCEP ដែលមិនត្រឹមតែអាចបង្កើនកំណើនសេដ្ឋកិច្ច តែក៏ជួយបង្កើតការងារ
និងធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង និងចូលរួមចំណែកយ៉ាងច្រើន ដល់កំណើនពាណិជ្ជកម្មពិភពលោក។
អង្គប្រជុំ បានណែនាំឲ្យអ្នកចរចាទាំងអស់ប្តេជ្ញា និងធានាឲ្យបាននូវលទ្ធផលជាផ្លែផ្កានៅគ្រប់កិច្ចប្រជុំចរចា
និងអន្តរកិច្ចប្រជុំទាំងអស់ដើម្បីជំរុញការចរចា ឈានទៅរកទីបញ្ចប់ និងលើកនូវបញ្ហាផ្សេងៗដែលត្រូវការការណែនាំ
និងដំណោះស្រាយ ពីថ្នាក់រដ្ឋមន្ត្រី។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ
និងបានទទួលគណៈប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្តៅ និងថ្លែងអំណរគុណដល់រដ្ឋមន្ត្រី RCEP ទាំងអស់ដែលបានចូលរួមសហការដើម្បីឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ។
ប្រភពៈ MOC