ឯកអគ្គរដ្ឋទូតអូទ្រីសស្នើឱ្យកម្ពុជាអនុគ្រោះ ចំពោះអ្នកវិនិយោគិនអូទ្រីសដែលមានបំណងមកវិនិយោគនៅកម្ពុជា


លោកជំទាវបណ្ឌិត Eva Hager ឯកអគ្គរដ្ឋទូតប្រទេសអូទ្រីសប្រចាំនៅកម្ពុជា បានស្នើឱ្យមានអនុគ្រោះនានា ចំពោះអ្នកវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Eva Hager ដែលមានអ្នកវិនិយោគិនអូទ្រីសចំនួន ១៧ ក្រុមហ៊ុន ដែលបានចូលរួមមកជាមួយគណៈប្រតិភូ បានជួបពិភាក្សាកម្រិតបច្ចេកទេសដោយឡែកៗ ជាមួយថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងការរៀបចំគម្រោងជាក់លាក់ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវបានស្នើរាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យមានអនុគ្រោះនានាចំពោះអ្នកវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជាផង។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ភាគីអូទ្រីស ក៏មានគោលបំណងផ្តល់ជូនល័ក្ខខ័ណ្ឌឥណទានដែលមានលក្ខណៈសម្បទានខ្ពស់ដល់កម្ពុជា សម្រាប់គម្រោងជាក់លាក់មួយចំនួនដែលស្របតាមអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយភាគីមិត្តក៏បានត្រៀមលក្ខណៈ រួចជាស្រេចដើម្បីផ្តល់ឥណទាន សម្បទាន និងហិរញ្ញប្បទានឥតសំណងនាពេល ឆាប់ៗខាងមុខផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានទទួលស្គាល់និងគូសបញ្ជាក់បន្ថែម អំពីការប្តេជ្ញារបស់ប្រទេសអូទ្រីសក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដល់ភាគីទូតអូទ្រីសថាដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសឱ្យកាន់តែមានចំនួនច្រើនមកបណ្តាក់ទុននៅកម្ពុជា បន្ថែមលើគោលនយោបាយនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស កម្ពុជាបាននិងកំពុង អនុវត្តន៍នូវបរិយាកាសធុរកិច្ច អំណោយផល (Friendly Business Environment) មិនតែចំពោះ អ្នកវិនិយោគិនអូទ្រីសនោះទេ តែចំពោះវិនិយោគគិនបរទេសទាំងអស់។

ឯកឧត្តមបណ្ឌិតសភាចារ្យជឿជាក់ថា តាមរយៈការបើកស្ថានកុងស៊ុលកិត្តិយសរបស់អូទ្រីស នៅកម្ពុជាកាល ពីចុងឆ្នាំ២០១៧ កន្លងមកនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស ទាំងពីរ កម្ពុជា-អូទ្រីស នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ៕

ប្រភពៈ AKP