ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន


ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជនឈ្វេងយល់កាន់តែទូលំទូលាយអំពីវិស័យមូលបត្រ ជាពិសេសអំពីតួអង្គនិងយន្តការដែលពាក់ព័ន្ធ។ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅផ្សារទំនើបអ៊ីអន ដែលសាធារណជនអាចជួបសំណេះសំណាលជាមួយនឹងក្រុមហ៊ុន ចុះបញ្ជីពីដំណើរការនៃអាជីវកម្មរបស់ក្រុមហ៊ុន និងអាចជួបពិភាក្សាជាមួយក្រុមហ៊ុនមូលបត្រ ពីការវិនិយោគ ការបើកគណនីជួញដូរ ក៏ដូចជាបច្ចុប្បន្នភាពរបស់ទីផ្សារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារភាគហ៊ុនកម្ពុជាបានឱ្យដឹងថា ពិធីពិព័រណ៍នេះត្រូវបាន ចូលរួមសហការឧបត្ថមដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រុមហ៊ុនហ្រ្គេនធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិតភីអិលស៊ី, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ក្រុមហ៊ុនមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី, ក្រុមហ៊ុនមូលបត្រ យាន់តា ស៊ីឃ្យួរឹធី, ក្រុមហ៊ុនមូលបត្រកម្ពុស៊ីឃ្យួរឹធី, ក្រុមហ៊ុនមូលបត្រ ហ្គោលដេនហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី, ផាកកាហ្វេ និងកាសែតឡារ៉ែនពាណិជ្ជ។

នៅក្នុងកម្មវិធីបើកសម្ភោធពិព័រណ៍នេះ ក៏មានការចូលរួមដោយថ្នាក់ដឹកនាំក្រុមហ៊ុនធនាគារ និងសមាគម នានាជិត១០០ ស្ថាប័ន និងមានការចែកពានរង្វាន់និងវិញ្ញាបនបត្រដល់ជ័យលាភី ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុន ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ សរុបរយៈពេល៤៦ថ្ងៃជួញដូរ។ ក្នុងនោះផងដែរ ក៏មានការដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និងកម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញ ឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ។

សាធារណជនអាចធ្វើការឈ្វេងយល់ពីទិន្នន័យទីផ្សារ វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា ព្រឹត្តិការណ៍នានារបស់ទីផ្សារ ព័ត៌មានអំពីក្រុម ហ៊ុនចុះបញ្ជី ដែលរួមមានរបាយការណ៍ហិរញ្ញវត្ថុ ព័ត៌មានសាជីវកម្ម ការបែងចែកភាគលាភ ក៏ដូចជាចូលរួមចែលរំលែកក្នុងការពិភាក្សាលើ ប្រធានបទផ្សេងៗ អំពីការវិនិយោគផងដែរ។ នាពេលរសៀល កម្មវិធីពិព័រណ៍នេះក៏មានការប្រគំតន្ត្រី ការលេងល្បែងកម្សាន្ត និងការចាប់រង្វាន់តូចធំជាច្រើនផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានេះបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ជាលើកទី៣នេះធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមជា គណៈអធិបតីដោយឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា៕

ប្រភពៈ AKP