គយកម្ពុជានិងវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីដើម្បីសម្រួលពាណិជ្ជកម្ម និងវិនិយោគ


រដ្ឋបាលគយនិងរដ្ឋាករ នៃប្រទេសកម្ពុជា និងរដ្ឋបាលគយ វៀតណាមបានពង្រឹង កិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីឆ្លើយតបទៅនឹង កំណើន ទីផ្សារ និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

          ការពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតទ្វេភាគី និងពហុភាគីនេះធ្វើឡើងដោយ ឯកឧត្តម Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាមអញ្ជើញ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយ វៀតណាមក្នុងសប្តាហ៍នេះ។

​ក្នុងជំនួបប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយវៀតណាម ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មនៅក្នុងរដ្ឋបាលគយ នៃប្រទេសទាំងពីរ និងបានឯកភាពគ្នាលើ ចំណុចសំខាន់ៗមួយចំនួន គឺការប្រគល់ភារកិច្ចជូននាយកដ្ឋាន កិច្ចការអន្តរជាតិ ដើម្បីបញ្ចប់សេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុ វៀតណាម ដើម្បីដាក់ជូនថ្នាក់ដឹក នាំពិនិត្យនិងសម្រេច។

ភាគីទាំងពីរបានជំរុញកិច្ចសម្រួលពាណិជ្ជកម្ម វិនិយោគ និងភ្ញៀវទេសចរ រវាងប្រទេស ទាំងពីរ ជាពិសេសជំរុញការផ្សព្វផ្សាយជូនពាណិជ្ជករនៅពេលដែលមានបទប្បញ្ញត្តិគយថ្មីៗ។

ទន្ទឹមនេះ បង្កើតចំណុចទំនាក់ទំនង សម្រាប់ផ្លាស់ប្តូរសិ្ថតិពាណិជ្ជកម្ម និងព័ត៌មានអំពីទំនិញឆ្លងកាត់ ឱ្យបានជាប្រចាំ។

          ការរៀបចំកិច្ចប្រជុំជាប្រចាំរវាងថ្នាក់អគ្គនាយដ្ឋាន នាយកដ្ឋានគន្លឹះ និងថ្នាក់ខេត្ត និងបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ បង្ក្រាប អំពើរត់គេចពន្ធ និងបទល្មើសគយ។

ក្រៅពីនេះក៏ជំរុញការរៀបចំអនុវត្តន៍យន្តការត្រួតពិនិត្យតែមួយដង (Single Stop Inspection) នៅច្រកអន្តរជាតិបាវិត-ម៉ុកប៉ៃ។ ជួយសម្រួលនិងពង្រឹងការគ្រប់គ្រងទំនិញឆ្លង កាត់ពីប្រទេសទី៣ មកកម្ពុជាដោយប្រើប្រាស់កំពង់ផែ Cat Lai

          រដ្ឋបាលគយកម្ពុជាបានស្នើកុំឱ្យមានការកាត់សៀល និងរើទំនិញចេញពីកុងតឺ ន័រនៅ ក្នុងទឹកដីវៀតណាម ដើម្បីរក្សាយថាប្រភេទ និងបរិមាណទំនិញ និងចំនួនកុងតឺន័រ ដែលត្រូវប្រកាសដើម្បីបង់ពន្ធអាករ នាំចូលឱ្យបានត្រឹមត្រូវ និងបន្តពង្រឹងកិច្ចសហការ និងការគាំទ្រ គ្នាទៅវិញទៅមកលើឆាកអន្តរជាតិដូចជា ក្នុងអាស៊ាន អង្គការគយពិភពលោក អង្គការ ពាណិជ្ជកម្មពិភពលោក មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប។

ថ្នាក់ដឹកនាំនៃរដ្ឋបាលគយ ទាំងពីរ បានវាយតម្លៃខ្ពស់ និងចាត់ទុកថាកិច្ចប្រជុំទ្វេភាគី នេះមានសារៈ សំខាន់ ដែលបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលគយនៃប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី និងឆ្លើយតបទៅនឹងកំណើន ទីផ្សារនិងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាង ប្រទេសទាំងពីរ។

ក្រៅពីកិច្ចប្រជុំទ្វេភាគី គណៈប្រតិភូគយកម្ពុជាក៏បានទៅទស្សនកិច្ចសិក្សា នៅកំពង់ផែ Cat Lai ទីក្រុងហូជីមិញ ដើម្បីស្វែងយល់ពីលំហូរទំនិញ ឆ្លងកាត់វៀតណាមពី ប្រទេសទី៣នាំចូលមកកម្ពុជា។ ទស្សនកិច្ចសិក្សានៅសាខាគយ វៀតណាមនៅតំបន់សួន ឧស្សាហកម្មនៅខេត្ត Binh Doung ដែលកំពុងគ្រប់គ្រងនីតិវិធីសម្រួលពាណិជ្ជកម្ម និងវិនិយោគរបស់រោងចក្ររហូតដល់២៥០កន្លែង និងទស្សនកិច្ចសិក្សានៅក្រុមហ៊ុន KOLAO GROUP នៅទីក្រុងហូជីមិញ ដែលបច្ចុប្បន្នកំពុង ដំឡើងរថយន្ត និងចុងបញ្ចប់ នៅក្រុមហ៊ុន DAEHAN MOTORS នៅទីក្រុងបាវិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KOLAO GROUP ដែលមានទំហំផ្ទៃដីរហូតដល់ ១១៤ហិកតា៕

ប្រភព៖ AKP

Comments