ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
នៅព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា
ឆ្នាំ២០១៨ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម
បានដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកម្មវិធីការងាររាជរដ្ឋាភិបាលក្រោមក្របខ័ណ្ឌអង្គការ
WTO ដោយមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៨ក្រសួង-ស្ថាប័ន។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើចំណុចពីរសំខាន់ៗ គឺទី១ លទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា
និងទី២ ការពិភាក្សាលើកម្មវិធីការងាររបស់រាជរដ្ឋាភិបាល WTO Work Program គឺដើម្បីតាមដានវឌ្ឍនភាពកម្មវិធីការងាររបស់រាជរដ្ឋាភិបាល
ដែលត្រូវធ្វើក្រោយពេលចូលជាសមាជិកអង្គការ WTO កាលពីថ្ងៃទី១៣ ខែតុលា
ឆ្នាំ២០០៤ និងក្រោយកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីថ្ងៃទី០១
និងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១។
ឯកឧត្តម ប្រធានអង្គប្រជុំ បានបញ្ជាក់ថា កម្ពុជាបានចូលរួមប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មលើកទី២
កាលពីថ្ងៃទី២១ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានការសាទរពីសមាជិកផ្សេងៗដែលបានចូលរួមនាពេលនោះ
ជាពិសេសលោកស្រីអគ្គរដ្ឋទូតអូស្រ្តាលី ដែលជាប្រធានអង្គប្រជុំ បានកោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា
លើវិស័យពាណិជ្ជកម្ម អប់រំ និងបានវាយតម្លៃថា បើកម្ពុជាបន្តអភិវឌ្ឍន៍បែបនេះទៀត កម្ពុជានឹងឆ្លងផុតពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចបំផុតនាពេលឆាប់ៗខាងមុខ។
ទន្ទឹមនឹងនោះផងដែរ
សមាជិកផ្សេងទៀតក៏បានស្នើសុំឲ្យកម្ពុជាអនុវត្តកាតព្វកិច្ចមួយចំនួន ដូចជា ការតាក់តែងច្បាប់
និងលិខិតបទដ្ឋានគតិយុត្តិ ការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន។
ចំពោះកម្មវិធីការងាររបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម
ប្រធានអង្គប្រជុំ បានមានប្រសាសន៍បន្តថា វាជាផ្នែកមួយនៃការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា
ហើយជាកម្មវិធីរបស់រាជរដ្ឋាភិបាលទាំងមូល។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាបំពេញកាតព្វកិច្ចទាំងនេះ។
គិតត្រឹមខែមីនា
ឆ្នាំ២០១៨នេះ មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងសកម្មភាពមួយចំនួនត្រូវបានរៀបចំ អនុម័ត
និងអនុវត្តរួចរាល់ ដោយឡែកច្បាប់ លិខិតបទដ្ឋាន និងសកម្មភាពមួយចំនួនផ្សេងទៀតនៅ កំពុងត្រូវបានរៀបចំ។
តំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរាយការណ៍ និងធ្វើបច្ចុប្បន្នភាពជូន ឯកឧត្តម ប្រធានអង្គប្រជុំ
ក៏ដូចជាអង្គប្រជុំទាំងមូល អំពីវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ចទាំងនោះ។
ជាចុងក្រោយ
ឯកឧត្តម អនុរដ្ឋលេខាធិការ បានជំរុញលើទឹកចិត្តឲ្យអន្តរក្រសួង-ស្ថាប័នសហការធ្វើការងារនេះបន្តទៀតដើម្បីឲ្យកម្ពុជាអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមក្របខ័ណ្ឌអង្គការ
WTO នេះបានពេញលេញ និងឆាប់រហ័ស។
ប្រភព៖ MOC