ឯកឧត្តម ប៉ាន សូរស័ក្តិ៖ មន្រ្តីត្រូវដើរតួជាអ្នកផ្សព្វផ្សាយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីអង្គភាពជំនាញពាក់ព័ន្ធ ដើរតួជាអ្នកផ្សព្វផ្សាយ​លើកកម្ពស់កិត្តិនាម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បី​ទាក់ទាញវិនិយោគិន សំដៅនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជន និងប្រទេសជាតិ។

សំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មថ្មីខេត្តឧត្តរមានជ័យ ដែលរៀបចំឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តឧត្តរមានជ័យ​ ដែលមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី និងមន្ត្រីរាជការចំនួន ២៤០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់មន្ត្រី និងផ្នែកពាក់ព័ន្ធទាំងអស់ រួមគ្នាផ្សព្វផ្សាយអំពីតម្រូវការទីផ្សារក្រៅប្រទេសដល់ផលិតករ និងប្រជាកសិករ ព្រមទាំងជួយបំផុសជំរុញចលនា «ខេត្ដមួយ ផលិតផលមួយ» ឲ្យបានទូលំទូលាយ ដើម្បីកៀងគរវិនិយោគិន ឲ្យចូលមកធ្វើជំនួញ និងវិនិយោគនៅក្នុងមូលដ្ឋាន សំដៅបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងបង្កើនប្រាក់ចំណូលជូនខេត្ត និងប្រជាជន។

កត្តាសំខាន់មួយ ក្នុងចំណោមកត្តាសំខាន់ដទៃទៀតគឺ យើងត្រូវចេះជួយរកទីផ្សារ ថែរក្សាទីផ្សារ និងឆ្លើយតបនឹងអ្វីដែលជាតម្រូវការទីផ្សារពិតប្រាកដ ចេះបង្កភាពងាយស្រួល ផ្តល់បរិយាកាសល្អ និងសុវត្ថិភាពដល់ពាណិជ្ជករ អាជីវករ និងវិនិយោគិន ហើយត្រូវធ្វើយ៉ាងណាឱ្យពួកគាត់ មានការជឿទុកចិត្ដមកលើយើងដែលជាសមត្ថកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តទៀតថា ដោយសារខេត្តឧត្តរមានជ័យ​មានសក្តានុពលខាងផ្នែកកសិកម្ម ការធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ចាក់ប្រភពដើមទំនិញទម្រង់ (D) សម្រាប់នាំចេញកសិផលចេញក្រៅប្រទេស គឺជាកិច្ចការសំខាន់មួយ ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ ហើយមន្ត្រីត្រូវចេះសហការផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ជូនភាគីពាក់ព័ន្ធ។

យើងត្រូវបំផុសឲ្យប្រជាពលរដ្ឋ ចេះធ្វើការបង្កបង្កើនផល និងដំាដំណាំ បន្លែ​ ផែ្លឈើផ្សេងៗ សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននានានៅក្នុងខេត្ត ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបានអតិបរិមា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែម។

គួររំលឹកដែរថា ក្នុងទិសដៅសម្រួលការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ក្រសួងពាណិជ្ជកម្ម កន្លងមកបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់បរិយាសកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេស។ ហើយការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្ងៃនេះ គឺជាការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីផ្តល់សេវាសាធារណៈជូនវិស័យឯកជន ជាពិសេសផលិតករ អាជីវករ និងប្រជាកសិករ ក្នុងខេត្តឧត្តរមានជ័យ ឲ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ MOC