សម្ដេចតេជោ៖ កម្ពុជាត្រូវការអ្នកវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់មិនមែនតែប្រទេសចិននោះទេ


ស្របពេលដែលមានការព្រួយបារម្ភថានាពេលខាងមុខ ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងចិន ក្នុងខណៈដែល អ្នកវិនិយោគចិនបានកើនចំនួនជាបន្តបន្ទាប់ ក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តនោះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគ្មានការ រើសអើងសម្រាប់អ្នកមកវិនិយោគបើទោះ ជាប្រទេសណាក៏ដោយមិនថាចាំតែមកពីប្រទេសចិននោះទេ។

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួនជាង ២១.០០០នាក់ មកពីរោងចក្រសហ គ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន កូន ក្មួយកម្មករ កម្មការិនីនៅក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនរបស់កម្មករនិងជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បី ពង្រឹងសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង។ បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុមានជាតំបន់សេដ្ឋកិច្ចពិសេស និង មានរោងចក្រសហគ្រាសជាច្រើនផងដែរសម្រាប់ផ្តល់ ការងារដល់កូនក្មួយកម្មករកម្មាការិនីជាច្រើន។

សម្តេចតេជោបានបញ្ជាក់ថាកម្ពុជាបានកំណត់នូវប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន៣ ដែលជាប៉ូលសំខាន់សម្រាប់ ជំរុញកំណើនសេដ្ឋកិច្ចជាតិមានដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប ហើយនៅពេលងមុខកម្ពុជានឹងពង្រីកប៉ូលសេដ្ឋកិច្ចបន្ថែមនៅតំបន់ភូមិភាគឦសាន្ត ដូចជានៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារជាដើមដែលខេត្តទាំងអស់នោះ ជាប្រភពនៃដំណាំកសិឧស្សាហកម្មនិងផលិតផលផ្សេងៗទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថាក្នុងខេត្តព្រះសីហនុ ក្រៅពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រដែលមានភាពទាក់ទាញនោះ ក៏នៅមានកំពង់ផែសមុទ្រដ៏សំខាន់មួយសម្រាប់ធ្វើការផ្លាស់ប្តូរទំនិញពីបរទេសមកកម្ពុជា និងពីកម្ពុជាទៅបរទេសហើយកម្ពុជាក៏កំពុង មានផែនការពង្រីកំពង់ផែទឹកជ្រៅនិងបង្កើតកំពង់ផែ ទឹកជ្រៅបន្ថែមទៀតនាពេលខាងមុខដែលស្ថិតក្នុង តំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ និងខេត្តកំពតផងដែរ។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ១.១១៣ ហិកតា។ ឯកឧត្តមបានបន្ដថា រោងចក្រនៅតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានរហូតដល់ទៅ ជាង១០០រោងចក្រ មកពីបណ្តាប្រទេសនានាដូចជា ប្រទេសចិន បារាំង វៀតណាម កូរ៉េ ថៃ អាម៉េរិក អាល្លឺម៉ង់ និងអៀរឡង់ ហើយក៏មានរោងចក្រមានថៅកែជាជនជាតិខ្មែរផងដែរ។ រោងចក្រសហគ្រាស នៅតំបន់នេះបានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជា ពលរដ្ឋដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែម ជាច្រើន ងាយស្រួលដល់យុវជនក្នុងការរក ការងារធ្វើ ក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ខេត្តព្រះសីហនុ ជាខេត្តដែលមាន ការអភិវឌ្ឍលឿន ដែលមានកំពង់ផែអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះអន្តរជាតិ និងសក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្នខេត្តព្រះហនុ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៧១១ មានកម្មករនិយោជិតចំនួន ៤៩.៦៨៨នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មាន១០៦ និងមានកម្មករ និយោជិតចំនួន ៣៥.២១៦នាក់៕

ប្រភពៈ AKP