ផ្លូវរថភ្លើងពីរខ្សែចេញពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមួយខ្សែទៀតភ្ជាប់ពីខេត្តបាត់ដំបងទៅស្វាយស៊ីសុផុនខេត្តបន្ទាយមានជ័យ ត្រូវបានរំពឹងថានឹងដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ
ផ្លូវរថភ្លើងចេញពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមួយខ្សែទៀតភ្ជាប់ពីខេត្តបាត់ដំបងទៅស្វាយស៊ីសុផុនខេត្តបន្ទាយមានជ័យត្រូវបានរំពឹងថា
នឹងអាចដាក់ឱ្យដំណើការនៅមុនពេលដែលប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីនាពេលខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
បានថ្លែងឱ្យដឹងថា ការដាក់ឱ្យដំណើរការផ្លូវរថភ្លើងទាំងពីរខ្សែនេះ គឺដើម្បីរំដោះការកកស្ទះចរាចរណ៍
ដ៏មមាញឹកជាប្រចាំ ជាពិសេសក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិម្តងៗ។
ឯកឧត្តមបានបញ្ជាក់បែបនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន
Royal Railway និងភាគីពាក់ព័ន្ធ លើការងាររៀបចំដំណើរការផ្លូវដែកកាលពីថ្ងៃពុធ
១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងជំរុញឱ្យក្រុមហ៊ុនធ្វើការពន្លឿននូវសេវាដឹកជញ្ជូនអ្នកដំណើរប្រភេទនេះ
ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ក៏ដូចជាពង្រឹងការដឹកជញ្ជូនតាមរថភ្លើងរបស់កម្ពុជាឡើងវិញផងដែរ។
បើតាមផែនការ ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
មានប្រវែង១៥គីឡូម៉ែត្រ នឹងអាចដំណើរការពិតប្រាកដ ដោយមានរថភ្លើងធុនស្រាលចំនួន ៤គ្រឿង
ដែលត្រូវបានបញ្ជាទិញពីប្រទេសម៉ិកស៊ីក ក្នុងតម្លៃជាង ៤លានដុល្លារអាម៉េរិក។
គោលបំណងនៃការសង់ផ្លូវនេះ គឺដើម្បីផ្ដល់សេវាដឹកអ្នកដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
បានរហ័សជាងបច្ចុប្បន្ន ដែលចំណាយពេលវេលាពី ៤៥នាទី ទៅ២ម៉ោង។ ចំណែកផ្លូវរថភ្លើងពីខេត្តបាត់ដំបងទៅស្វាយស៊ីសុផុន
ខេត្តបន្ទាយមានជ័យ គឺជាផ្នែកមួយនៃខ្សែរថភ្លើងពីភ្នំពេញ រហូតដល់ប៉ោយប៉ែត
ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨នេះ ដើម្បីតភ្ជាប់ជាមួយផ្លូវរថភ្លើងពីទីក្រុងបាងកក
ប្រទេសថៃ តាមកិច្ចព្រមព្រៀងជំរុញវិស័យពាណិជកម្មឆ្លងដែនរវាងប្រទេសកម្ពុជា
និងប្រទេសថៃ ឱ្យដល់កម្រិត១៥ប៊ីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ៕
ប្រភពៈ AKP