សិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តគន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍ជាអតិបរមាក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៖ ការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាចង្កោមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស "


កាលពីព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "យុទ្ធសាស្រ្តគន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍ជាអតិបរមាក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា៖ ការប្រើប្រាស់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាចង្កោមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស " ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ភ្នំពេញ។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ និងក្រសួងឧស្សាហកម្ម នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងអនុគណៈកម្មាធិការវិនិយោគខេត្ត-ក្រុង សរុបប្រមាណ ១០០នាក់។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក្នុងនាមថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដែលបានផ្តល់ឱកាសឱ្យអ្នកចូលរួមគ្រប់រូបបានទទួលនូវការចែករំលែកបទពិសោធន៍ ចំណេះដឹង និងយុទ្ធសាស្ត្រគន្លឹះសម្រាប់យកមកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ការជួយជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមពង្រឹងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កម្ពុជា ថៃ។

ឯកឧត្តមអគ្គលេខាធិការរងក៏បានជម្រាបជូនអង្គសិក្ខាសាលាថា កាលពីខែមីនា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលផ្ដល់នូវយុទ្ធសាស្ត្រកំណើនថ្មីជាចក្ខុវិស័យ និងផែនការចង្អុលទិសសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម។ អភិក្រមសំខាន់មួយនៃគោលនយោបាយនេះ គឺការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបានចាត់ទុកថាជាយន្តការមួយក្នុងការកៀរគរវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជនដើម្បីដើរតួនាទីបង្កើតការងារជូនប្រជាជន និងជំរុញការនាំចេញផលិតផលរបស់ប្រទេសកម្ពុជា។

ប្រភព៖ CDC

Comments