កិច្ចប្រជុំគណៈកម្មាធិការរួមសម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គលើកទី៦
បើតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍
១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម
ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម
សម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គលើកទី៦
នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ប្រភពដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម និងលោក Hideaki
Iwasaki នាយកតំណាងប្រទេសប្រចាំនៅប្រទេសថៃ នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)
និងមានការចូលរួមពីបណ្តារដ្ឋមន្រ្តីដឹកជញ្ជូន នៃមហាអនុតំបន់មេគង្គ
តំណាងមកពីប្រទេសកម្ពុជា ឡាវ ភូមា ថៃ វៀតណាម និងចិន ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី
និងតំណាងរដ្ឋាភិបាលអូស្រ្តាលី។
នៅក្នុងឱកាសនោះ បណ្តារដ្ឋមន្រ្តីបានសម្តែងការពេញចិត្ត និងបានប្រកាសការបញ្ចប់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
“ការប្រមូលផលដំបូង” នៃការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ
ដោយប្រទេសទាំងអស់នៃមហាអនុតំបន់មេគង្គ ដែលនឹងអនុញ្ញាតមានការអនុវត្តជាផ្លូវការ លិខិតអនុញ្ញាតដឹកជញ្ជូនផ្លូវគោកនៃមហាអនុតំបន់មេគង្គ
និងលិខិតអនុញ្ញាតចូលបណ្តោះអាសន្ន សម្រាប់រថយន្តពាណិជ្ជកម្ម ដោយចាប់ផ្តើមពីថ្ងៃទី០១
ខែមិថុនា ឆ្នាំ២០១៨។
ជាមួយគ្នានេះដែរ បណ្តារដ្ឋមន្រ្តីក៏បានសម្តែងសេចក្តីសោមនស្សរីករាយផងដែរ ចំពោះការបញ្ចប់ការចរចាពង្រីកបន្ថែម
ផ្លូវរបៀង ផ្លូវ និងការឆ្លងកាត់ព្រំដែន ក្រោមពិធីសារ១នៃកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
នៃមហាអនុតំបន់មេគង្គ ហើយបានឯកភាពជាគោលការណ៍បញ្ជីកែសម្រួលនៃការពង្រីកបន្ថែម ផ្លូវរបៀង
ផ្លូវ និងការឆ្លងកាត់ព្រំដែន ក្រោមពិធីសារ១ នៃកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន
នៃមហាអនុតំបន់មេគង្គ។
ទន្ទឹមនឹងនេះ បណ្តារដ្ឋមន្រ្តីបានអនុម័តសេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំគណៈកម្មាធិការរួម
សម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គលើកទី៦
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕
ប្រភព៖ AKP